រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាយ៉ាងតឹងរឹង ឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការស្រាវជ្រាវហ្មត់ចត់បំផុត ដើម្បីរកអ្នកបើកបររថយន្តដែលបុកមនុស្សស្លាប់ទាំង៦នាក់ រួមទាំងទារកក្នុងផ្ទៃមាតា នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

សម្តេចធិបតីបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីឃើញមានការបញ្ចេញមតិជាច្រើនលើបណ្តាញសង្គម អំពីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ សម្តេចបានសរសេរថា៖ «ខ្ញុំបានឃើញមានការបញ្ចេញមតិជាច្រើន ពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលកើតឡើងនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។»
សម្តេចបានចេញបទបញ្ជាឱ្យឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ត្រូវធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុត និងរកឱ្យឃើញអ្នកដែលបើកបររថយន្តពិតប្រាកដ ដែលបុកមនុស្សស្លាប់ទាំង៦នាក់នេះ ហើយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។

«ជាដំបូង ខ្ញុំសូមចូលរួមមរណទុក្ខជាមួយនឹងក្រុមគ្រួសារសពនៃជនរងគ្រោះទាំង៦នាក់ និងសូមវិញាណក្ខន្ធអ្នកទាំងអស់គ្នាបានទៅកាន់សុខគតិភពកុំបីឃ្លាតឡើយ។» សម្តេចបានបញ្ជាក់យ៉ាងដូច្នេះ។
សម្តេចធិបតីក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋខ្មែរ ធ្វើការបើកបរដោយប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានម៉ឺងម៉ាត់ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខ។
សម្តេចបានរំលឹកឡើងវិញផងដែរ ចំពោះការបើកបរដោយមិនគោរពច្បាប់ ជាពិសេសការបើកបរដោយស្ថិតក្រោមស្ថានភាពស្រវឹង ដែលបានបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ និងត្រូវទទួលខុសត្រូវតាមច្បាប់យ៉ាងតឹងរឹងបំផុត។
លើសពីនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏ស្នើឲ្យគណបញ្ជាការឯកភាពរាជធានី-ខេត្ត ជាពិសេស សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់ក្នុងការពង្រឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
អត្ថបទសរសេរដោយ អ៊ាង ប៊ុនរិទ្ធ
កែសម្រួលដោយ ស្រីណា
