ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។
ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។ បើទោះបីជាយ៉ាងណា ឪពុករបស់យុវជន ជ័យសិដ្ឋ ដែលជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា តាំងពីពេលដែលកូនប្រុសបង្កគ្រោះថ្នាក់ចរាចរណ៍នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ គឺទាក់ទងមិនបាន ហើយមិនដឹងថា ទៅលាក់ខ្លួននៅទីណានោះទេ។
ក្នុងសេចក្តីថ្លែងការណ៍នាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបរាប់លំអិតពីដំណើរទើបទងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏ប្រល័យបង្កដោយយុវជនវ័យក្មេងលេងរថយន្តតម្លៃជាង១០ម៉ឺនដុល្លារ។
កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែតលេខ២៤៦-២៤៧ ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាក MERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកជាមួយ នឹងម៉ូតូចំនួន២គ្រឿង។
សរុបជនរងគ្រោះស្លាប់ចំនួន ៥នាក់ ប្រុសចំនួន ២នាក់ ស្រីចំនួន ៣នាក់ ដែលក្នុងនោះស្រីម្នាក់មានគភ៌ចំនួន ៣ខែផង និងរងរបួសធ្ងន់ចំនួន ១នាក់ប្រុស។
តាមរយៈផ្លាកលេខរថយន្ត កម្ពុជាC.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកឃើញអត្តសញ្ញណម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កើតនៅខែធ្នូ ឆ្នាំ២០០៦។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមសម្តែងការសោកស្តាយ និងរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារជនរងគ្រោះ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យដាក់ក្នុងបញ្ជីខ្មៅលើបុគ្គលឈ្មោះ ជ័យសិដ្ឋ ដើម្បីកុំឱ្យរូបគេគេចខ្លួនចេញទៅក្រៅប្រទេសបាន។
