Grab ប្រកាសកាត់បន្ថយកម្រៃសេវា ៥-១០% សម្រាប់កង់បី ព្រមទាំងផ្តល់ប័ណ្ណសាំង-ហ្គាស ដើម្បីជួយសម្រាលបន្ទុកដៃគូបើកបរ

Grab ប្រកាសកាត់បន្ថយកម្រៃសេវា ៥-១០% សម្រាប់កង់បី ព្រមទាំងផ្តល់ប័ណ្ណសាំង-ហ្គាស ដើម្បីជួយសម្រាលបន្ទុកដៃគូបើកបរ

រាជធានីភ្នំពេញ៖ ក្រុមហ៊ុន Grab បានប្រកាសគោលនយោបាយថ្មីសម្រាប់ដៃគូបើកបរកង់បី (Tuk Tuk) ដោយកាត់បន្ថយកម្រៃសេវាបណ្តោះអាសន្នចំនួន ៥% និង ១០% តាមរយៈការផ្តល់ប្រាក់ត្រលប់ (Cashback) ដើម្បីជួយសម្រាលបន្ទុកលើការឡើងថ្លៃហ្គាស (LPG) និងសាំង។

Grab ផ្តល់ការគាំទ្រដល់ដៃគូបើកបរ

យោងតាមការប្រកាសនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមហ៊ុន Grab បានផ្លាស់ប្តូរពីការផ្តល់ប្រាក់លើកទឹកចិត្តថេរចំនួន ៣០០ រៀលក្នុងមួយជើង មកជាទម្រង់ Cashback ដោយកាត់បន្ថយកម្រៃសេវាចំនួន ៥% សម្រាប់ការដឹកចាប់ពី ១ ដល់ ១៩ ជើងក្នុងមួយថ្ងៃ និង ១០% សម្រាប់ការដឹកចាប់ពី ២០ ជើងឡើងទៅ។

លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រងក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានអះអាងថា៖ “ដៃគូបើកបររបស់យើងគឺជាឆ្អឹងខ្នងនៃសេវាកម្មរបស់យើង។ យើងប្តេជ្ញាឈរនៅក្បែរពួកគាត់ជានិច្ច នៅពេលពួកគាត់ប្រឈមនូវពេលវេលាដ៏លំបាកទាំងនេះ។”

ប័ណ្ណសាំង-ហ្គាសពី Grab

ក្រៅពីការកាត់បន្ថយកម្រៃសេវា ក្រុមហ៊ុន Grab ក៏បានផ្តល់ប័ណ្ណសាំងនិងហ្គាសដែលមានតម្លៃ ៥ ដុល្លារ, ១០ ដុល្លារ និង ១៥ ដុល្លារ ដល់ដៃគូបើកបរឆ្នើមជាង ២,០០០ នាក់ជារៀងរាល់សប្តាហ៍។ ប័ណ្ណទាំងនេះត្រូវបានបង្កើតឡើងដើម្បីជួយកាត់បន្ថយការចំណាយផ្ទាល់ខ្លួនប្រចាំថ្ងៃ។

ជាងនេះទៀត ក្រុមហ៊ុន Grab បានសហការជាមួយក្រុមហ៊ុនកូកាកូឡា និងស្ថានីយប្រេងឥន្ធនៈតេលាខ្មែរចំនួន ១១ ទីតាំង ក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនភេសជ្ជៈចំនួន ៨៥,០០០ កំប៉ុងដល់ដៃគូបើកបរ។

ការចែកជូនភេសជ្ជៈដល់ដៃគូបើកបរ

ការគាំទ្រទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់លើថ្លៃធ្វើដំណើររបស់អ្នកដំណើរ និងជួយបង្ការសម្ពាធអតិផរណាបន្ថែមដល់សហគមន៍ទាំងមូល។

សម្រាប់ដៃគូបើកបរដែលចង់ជ្រាបព័ត៌មានបន្ថែម សូមពិនិត្យមើលកម្មវិធី Grab Driver និងសារជូនដំណឹងក្នុង App ដើម្បីដឹងពីលក្ខខណ្ឌទទួលបាន កាលវិភាគចែកប័ណ្ណសាំងនិងហ្គាស និងទីតាំងស្ថានីយប្រេងឥន្ធនៈតេលាខ្មែរដែលចូលរួម។

សេវាកម្ម Grab នៅកម្ពុជា

ក្រុមហ៊ុន Grab ដែលមានទីស្នាក់ការកណ្តាលនៅប្រទេសសិង្ហបុរី បម្រើសេវាកម្មជាង ៨០០ ទីក្រុងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមានកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម។

administrator

Related Articles