ភ្នំពេញ៖ កម្លាំងជំនាញនគរបាលបានធ្វើប្រតិបត្តិការចាប់ខ្លួនជនជាតិចិនចំនួន ៤ នាក់ និងដកហូតវត្ថុតាងជាច្រើន រួមទាំងកាំភ្លើងខ្លី ២ ដើម នៅក្នុងខណ្ឌសែនសុខ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ។ ពួកគេបានចុះត្រួតពិនិត្យរដ្ឋបាលនៅផ្ទះលេខ២១ និងផ្ទះលេខ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ។

ក្នុងប្រតិបត្តិការដំបូង នគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់ឈ្មោះ LUO TIAN ZHU អាយុ៣៥ឆ្នាំ និងរកឃើញវត្ថុតាងពាក់ព័ន្ធគ្រឿងញៀនរួមមាន៖ ម្សៅម៉ដ្ឋពណ៌ស១កញ្ចប់ ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ១កញ្ចប់ សារធាតុរាវ Ketmaine៥ដប ជញ្ជីង៣ ស៊ីឡៅ២ បំពង់កែវ១ និងថង់ប្លាស្ទិកមួយចំនួន។
រហូតដល់ថ្ងៃទី៣១ ខែមីនា ម៉ោង២:០៥នាទីព្រឹក កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងចាប់ខ្លួនបក្ខពួក៣នាក់បន្ថែមទៀត ដោយដកហូតបានកាំភ្លើងខ្លី២ដើម។

ជនសង្ស័យទាំង៣នាក់រួមមាន៖ LI GANG (៥១ឆ្នាំ) ជនជាតិចិនសញ្ជាតិខ្មែរ, ZHANG CHENXIANG (៣៦ឆ្នាំ) និង WANG XIAOBING (៤៥ឆ្នាំ)។ ក្រៅពីកាំភ្លើង នគរបាលក៏ដកហូតបានបង់២ លិខិតឆ្លងដែន៣ក្បាល ទូរស័ព្ទដៃ២គ្រឿង បណ្ណជនបរទេស៣សន្លឹក និងអត្តសញ្ញណប័ណ្ណ១សន្លឹក។
យោងតាមការបញ្ជាក់ពីមន្ត្រីនគរបាល ជនសង្ស័យ LUO TIAN ZHU បានចេញពីប្រទេសចិនទៅឡាវក្នុងខែកុម្ភៈ ដើម្បីធ្វើការជាមួយមិត្ត ប៉ុន្តែត្រូវបានគេយកទៅទុកនៅឃ្លាំង១សប្តាហ៍ ហើយត្រូវបានដកលិខិតឆ្លងដែន។ បន្ទាប់មកតៃកុងឡានឡាវបានដឹកខ្លួនឆ្លងដែនចូលកម្ពុជាតាមផ្លូវកាត់ព្រៃ។
ចំណែកឯ LI GANG មិនទាន់សារភាពច្បាស់លាស់អំពីប្រភពកាំភ្លើងទេ ដោយឆ្លើយផ្សេងៗគ្នា៖ ទិញពីជនជាតិចិន ទិញពីខ្មែរក្នុងតម្លៃ៥០០ដុល្លារ ឬរើសបាននៅក្នុងធុងសំរាម។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី។
