ខេត្តកំពត៖ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប កាលពីថ្ងៃទី២៩ ខែមីនា ដើម្បីបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ការវិនិយោគនេះគឺដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ ដែលពីមុនគឺនេសាទតាមបែបធម្មជាតិនិងប្រពៃណី និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះ។

គម្រោង LASED III បានជ្រើសរើសគាំទ្រសហគមន៍នេសាទចំនួន១២ទីតាំង ស្ថិតក្នុងខេត្តចំនួន៣នៅតាមបណ្ដោយឆ្នេរសមុទ្រ ដែលគ្រោងចំណាយថវិកាសរុបចំនួន ១៣,១លានដុល្លារអាមេរិក។ ក្នុងនោះគ្រោងចំណាយសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចំនួន ១១,៣៩លានដុល្លារអាមេរិក។

សូមគូសបញ្ជាក់ថា នៅថ្ងៃនេះគម្រោងបានបើកការដ្ឋានសាងសង់ជាផ្លូវការ៥សហគមន៍នេសាទ ហើយនឹងបន្តបើកការដ្ឋានសាងសង់នៅលើ៧ទីតាំងទៀតក្នុងពេលឆាប់ៗខាងមុខនេះ។

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ ត្រពាំងសង្កែ កំពង់សាមគ្គី ខេត្តកំពត និងសហគមន៍នេសាទអូរក្រសារខេត្តកែប។

លោកឧបនាយករដ្ឋមន្ត្រីបានពន្យល់ថា ការវិនិយោគនេះនឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ឱ្យកាន់តែប្រសើរ ដោយបច្ចុប្បន្នប្រជាជនកម្ពុជាកំពុងពេញនិយមនឹងការទៅលំហែជាគ្រួសារឫជាក្រុមនៅតាមបណ្ដាសហគមន៍។

គម្រោងនេះផ្តល់អាទិភាពលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលជួយទ្រទ្រង់ ជំរុញបង្កើតជម្រើសមុខរបរថ្មី ពង្រឹងនិងពង្រីកមុខរបរដែលមានស្រាប់ ក្នុងទិសដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។

ការអភិវឌ្ឍនេះនឹងជួយដល់សហគមន៍នេសាទដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមានអនាម័យ ដើម្បីទាក់ទាញទេសចរណ៍បន្ថែម។

គម្រោង LASED III គឺជាដំណាក់កាលទី៣នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តដើម្បីអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃប្រទេស។

