អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បានចុះហត្ថលេខាលើក្រឹតច្បាប់មួយនៅថ្ងៃចន្ទទី៣០ ខែមីនា ដើម្បីប្តូរឈ្មោះអាកាសយានដ្ឋានអន្តរជាតិ Palm Beach ទៅជា “អាកាសយានដ្ឋានអន្តរជាតិ ដូណាល់ ត្រាំ”។

ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការអនុម័តរបស់រដ្ឋផ្លរីដា កាលពីឆ្នាំមុនលើផែនការបរិច្ចាគអចលនទ្រព្យមួយក្នុងទីក្រុង Miami សម្រាប់ទីតាំងបណ្ណាល័យប្រធានាធិបតីរបស់លោកត្រាំ។
អាកាសយានដ្ឋានអន្តរជាតិ Palm Beach មានចម្ងាយត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីលំនៅដ្ឋាន Mar-a-Lago របស់លោកត្រាំ។ សមាជិកគណបក្សសាធារណរដ្ឋនៅរដ្ឋផ្លរីដា បាននិយាយថា ពួកគេចង់ធ្វើដូច្នេះ ពីព្រោះត្រាំគឺជា «ប្រធានាធិបតីដំបូងគេដែលរស់នៅជាអចិន្ត្រៃយ៍នៅក្នុងរដ្ឋមួយនេះ»។

ការផ្លាស់ប្តូរឈ្មោះនេះគឺជាការបន្តនៃការដាក់ឈ្មោះត្រាំលើស្ថាប័នជាច្រើនទៀត។ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសថា ក្រដាសប្រាក់អាមេរិកនឹងមានហត្ថលេខារបស់ត្រាំ ចាប់ផ្តើមនៅរដូវក្តៅនេះ។
លើសពីនេះទៀត មជ្ឈមណ្ឌលសិល្បៈ John F. Kennedy ក្នុងទីក្រុងវ៉ាស៊ីនតោន ក៏នឹងត្រូវប្តូរឈ្មោះទៅជា «មជ្ឈមណ្ឌល Trump-Kennedy» ដែលជាការទទួលស្គាល់ការរួមចំណែករបស់លោក។

ការផ្លាស់ប្តូរឈ្មោះអាកាសយានដ្ឋាននេះបង្ហាញពីឥទ្ធិពលនិងកេរ្តិ៍ឈ្មោះរបស់លោកត្រាំនៅក្នុងរដ្ឋផ្លរីដា ដែលជាទីលំនៅអចិន្ត្រៃយ៍របស់គាត់។
