ភ្នំពេញ៖ ច្រកសមុទ្រយុទ្ធសាស្ត្រ បាប អែលម៉ាន់ដេប (Bab el-Mandeb) ដែលជាច្រកទ្វារភាគខាងត្បូងនៃសមុទ្រក្រហម កំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការបិទបន្ទាប់ពីក្រុមហ៊ូធី (Houthi) នៅយេម៉ែនបានប្រកាសចូលរួមក្នុងសង្គ្រាមតំបន់ជាផ្លូវការ។

តាមការរាយការណ៍ចុះផ្សាយដោយ msn ការចូលរួមរបស់កងកម្លាំងហ៊ូធី ដែលគាំទ្រដោយអ៊ីរ៉ង់ កំពុងបើកតំបន់សង្គ្រាមថ្មីមួយទៀតនៅក្នុងជម្លោះមជ្ឈិមបូព៌ា។ នេះបានរុញច្រានច្រកសមុទ្រសំខាន់នេះចូលទៅក្នុងស្ថានភាពដែលមានហានិភ័យខ្ពស់មិនធ្លាប់មានពីមុនមក។
ការប្រកាសរបស់ហ៊ូធីអំពីការបាញ់មីស៊ីល និងយន្តហោះដ្រូនប្រឆាំងនឹងអ៊ីស្រាអែល គឺជាការកើនឡើងដ៏គួរឲ្យព្រួយបារម្ភ។ នេះជាលើកដំបូងក្នុងរយៈពេលប៉ុន្មានខែ ដែលក្រុមនេះបានចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា។
យោងតាមអ្នកវិភាគ គោលដៅដំបូងរបស់ហ៊ូធីគឺជំនួសឲ្យការវាយប្រហារផលប្រយោជន៍អាមេរិក ឬប្រទេសឈូងសមុទ្រ ពួកគេជ្រើសរើសអ៊ីស្រាអែលដើម្បីចៀសវាងការឆ្លើយតបដោយយោធាដោយផ្ទាល់ពីវ៉ាស៊ីនតោន ឬទីក្រុងរីយ៉ាដ។

ក្តីបារម្ភដ៏ធំមួយស្ថិតនៅក្នុងលទ្ធភាពដែលក្រុមហ៊ូធីនឹងវិលត្រឡប់ទៅរកយុទ្ធសាស្ត្រដែលប្រើក្នុងជម្លោះហ្គាហ្សា ពោលគឺវាយប្រហារកប៉ាល់ពាណិជ្ជកម្មលើផ្លូវដឹកជញ្ជូនអន្តរជាតិ។ ពីទីតាំងខ្ពស់ៗតាមបណ្តោយឆ្នេរសមុទ្រក្រហម កម្លាំងនេះអាចប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (UAV) ដើម្បីគំរាមកំហែងកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះ។
នេះគឺជាផ្លូវដឹកជញ្ជូនដ៏មមាញឹកបំផុតមួយក្នុងពិភពលោក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការចរាចរទំនិញរវាងអឺរ៉ុប និងអាស៊ី។ នៅពេលដែលច្រកសមុទ្រហ័រមូស ជាទីតាំងដែលប្រេងភាគច្រើននៃមជ្ឈិមបូព៌ាត្រូវបានដឹកជញ្ជូនឆ្លងកាត់ត្រូវបានរំខាន ច្រកសមុទ្របាប អែល-ម៉ាន់ដេប ក៏រឹតតែសំខាន់ថែមទៀត។
ក្នុងបរិបទនោះ សូម្បីតែអារ៉ាប៊ីសាអូឌីតក៏អាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ។ បច្ចុប្បន្ននេះ នាវាដឹកប្រេងត្រូវបានបង្វែរទិសដៅទៅកាន់កំពង់ផែ Yanbu ក្នុងសមុទ្រក្រហម ដែលជាផ្លូវរត់គេចខ្លួនដែលនៅសេសសល់ស្ទើរតែតែមួយគត់របស់ទីក្រុងរីយ៉ាដ។

អ្នកជំនាញព្រមានថា ទីក្រុងរីយ៉ាដអាចនឹងត្រូវបង្ខំឲ្យឆ្លើយតប សូម្បីតែក្នុងកម្រិតកំណត់ក៏ដោយ ដើម្បីការពារផលប្រយោជន៍សំខាន់ៗ។ ក្រុមហ៊ូធីត្រូវបានវាយតម្លៃថា មានទីតាំងភូមិសាស្ត្រអំណោយផលជាងអ៊ីរ៉ង់ក្នុងការវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័នរបស់អារ៉ាប៊ីសាអូឌីត។
ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងក្រុមហ៊ូធី និងទីក្រុងរីយ៉ាដ គឺអាចធ្វើទៅបានទាំងស្រុង ជាក់ស្ដែងវាបានកើតឡើងក្នុងអំឡុងពេល ឆ្នាំ ២០១៥ និង ២០២២រួចទៅហើយ។
