កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យ និងឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ រួមទាំងដកហូតវត្ថុតាងជាច្រើន។

ប្រតិបត្តិការនេះកើតឡើងកាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ នៅផ្ទះលេខ ២១ និងផ្ទះលេខ ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ។ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU អាយុ ៣៥ ឆ្នាំ និងរកឃើញវត្ថុតាងគ្រឿងញៀនជាច្រើន។

រហូតដល់ថ្ងៃទី ៣១ ខែមីនា កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួក ៣ នាក់បន្ថែមទៀត ដោយដកហូតបានអាវុធខ្លី ២ ដើម។ ជនសង្ស័យទាំង ៣ នាក់មានឈ្មោះ LI GANG (៥១ឆ្នាំ), ZHANG CHENXIANG (៣៦ឆ្នាំ) និង WANG XIAOBING (៤៥ឆ្នាំ)។

ជនសង្ស័យ LUO TIAN ZHU បានឆ្លើយថា ខ្លួនចេញពីប្រទេសចិនមកកាន់ប្រទេសឡាវ ហើយត្រូវបានគេយកទៅទុកនៅឃ្លាំងមួយ មុននឹងត្រូវបានដឹកឆ្លងដែនចូលមកកម្ពុជាតាមផ្លូវព្រៃ។

ចំណែកជនសង្ស័យ LI GANG បានផ្តល់ការឆ្លើយឆ្លងគ្នាអំពីប្រភពអាវុធខ្លីទាំង ២ ដើម ដោយឆ្លើយម្តងថាទិញពីជនជាតិចិន ម្តងថាទិញពីខ្មែរ និងម្តងថារើសបាននៅក្នុងធុងសំរាម។

បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី។
