ខេត្តកណ្តាល – ស្ត្រីជាជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ទោះបីជានាងខំឆ្លើយថាជារបស់ប្អូនផ្ញើឲ្យខ្លួនលក់ក៏ដោយ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣:១០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅផ្ទះជួលមួយក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក យីវណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់ថា ស្ត្រីជាជនសង្ស័យមានឈ្មោះ អ៊ុល សេងហៃ អាយុ៣១ឆ្នាំ ជនជាតិខ្មែរគ្មានមុខរបរពឹតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងភូមិសង្កាត់កើតហេតុ។
វត្ថុតាងដែលត្រូវបានចាប់យករួមមានថ្នាំញៀនប្រភេទម៉ាទឹកកក៧កញ្ចប់ធំ ទម្ងន់សរុប១.៤៧ក្រាម និងថង់សម្រាប់វេចខ្ចប់មួយចំនួន។
លោកអធិការបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកហូរ ចុះទៅដល់ទីតាំង ហើយប្រទះឃើញស្ត្រីជាជនសង្ស័យកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ។

កម្លាំងសមត្ថកិច្ចបានឃាត់សួរនាំ និងត្រួតពិនិត្យ រកឃើញថ្នាំញៀនចំនួន៧កញ្ចប់ដែលជនសង្ស័យលាក់ទុកនៅក្នុងខោដាក់នៅក្បែរខ្លួន។
នៅចំពោះមុខសមត្ថកិច្ច ស្ត្រីជាជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនទាំង៧កញ្ចប់នេះជារបស់ប្អូនថ្លៃ ឈ្មោះ អ៊ុន សារ័តុ្ន ភេទប្រុស អាយុ៣៤ឆ្នាំ ដែលបានឱ្យស្ត្រីម្នាក់ទៀតមិនស្គាល់ឈ្មោះ អាយុប្រហែល៤៦ឆ្នាំ យកមកផ្ញើឱ្យខ្លួនដើម្បីលក់បន្តក្នុងតម្លៃ១កញ្ចប់១០.០០០រៀល។
ជនសង្ស័យរួមនិងវត្ថុតាងបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។
