
ភ្នំពេញ៖ ស្ត្រីម្នាក់ដែលជាម្តាយចុងបានប្រើហិង្សាលើកូនអាយុទើបតែ២ឆ្នាំ រហូតធ្វើឲ្យក្មេងតូចស្លាប់ដោយសារបែកប្លោកនោម។ ហេតុការណ៍ឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៣០ មីនា ២០២៦ នៅបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
កុមារដែលស្លាប់មានឈ្មោះ ឌី ភត្រា អាយុ២ឆ្នាំ។ ឪពុករបស់ក្មេង លោក ទេព វណ្ណឌី អាយុ២២ឆ្នាំ បានប្រាប់ថា ខ្លួនកំពុងធ្វើការជាព្រូឡាន នៅពេលប្រពន្ធក្រោយ ឈ្មោះ ហឿន ស្រីណាន់ អាយុ២៤ឆ្នាំ បានទូរស័ព្ទទៅប្រាប់ថា កូនស្លាប់។

តាមការពិនិត្យរបស់សមត្ថកិច្ច និងអង្គការការពារកុមារ បានរកឃើញថា ជនរងគ្រោះស្លាប់ដោយអំពើឃាតកម្ម។ លើសពីនេះ មានសភាពបែកប្លោកនោមខាងឆ្វេង និងឈាមកកពេញក្នុងពោះ។
នៅចំពោះមុខសមត្ថកិច្ច ម្ដាយចុង ហឿន ស្រីណាន់ បានសារភាពថា ខ្លួនពិតជាបានវាយទាត់ធាក់កូនបណ្ដាលឲ្យស្លាប់។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួន ខណៈសពត្រូវបានប្រគល់ទៅឪពុកធ្វើបុណ្យតាមប្រពៃណី។
អត្ថបទ៖ សុខា
