កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញមុខប្រកាសព្រមានយ៉ាងចំថា ពួកគេនឹងវាយប្រហារទៅលើក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនការពារជាតិខ្នាតយក្សរបស់សហរដ្ឋអាមេរិក។ ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់យល់ថា អាមេរិក និងអ៊ីស្រាអែលនៅតែបន្តតាមព្យាបាទដល់ថ្នាក់ដឹកនាំកំពូលៗរបស់ខ្លួន។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Tasnim ការវាយបកសងសឹកនេះអាចនឹងចាប់ផ្តើមឡើងភ្លាមៗនៅយប់ថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដែលធ្វើឲ្យមហាជនមានការព្រួយបារម្ភជាខ្លាំង។
ក្នុងស្ថានភាពដ៏ស្រួចស្រាវនេះ កងកម្លាំងអ៊ីរ៉ង់ថែមទាំងបានប្រកាសអាសន្នឲ្យប្រជាជន ក៏ដូចជាបុគ្គលិកដែលរស់នៅ ឬធ្វើការក្នុងចម្ងាយមួយគីឡូម៉ែត្រជុំវិញទីតាំងរបស់ក្រុមហ៊ុនអាមេរិកទាំងនោះ ឲ្យប្រញាប់ជម្លៀសខ្លួនចេញជាបន្ទាន់ដើម្បីសុវត្ថិភាព។
បញ្ជីឈ្មោះក្រុមហ៊ុនធំៗចំនួន១៨ ត្រូវបានគេបញ្ចេញឲ្យដឹង ដែលក្នុងនោះរួមមានទាំងឈ្មោះល្បីៗដែលយើងស្គាល់ច្បាស់ដូចជា Google, Microsoft, Apple, Nvidia និងក្រុមហ៊ុនផលិតយន្តហោះ Boeing ជាដើម។ អ៊ីរ៉ង់បានចោទប្រកាន់ក្រុមហ៊ុនទាំងនេះថា បានចូលដៃក្នុងគម្រោងភេរវកម្ម និងបានផ្តល់បច្ចេកវិទ្យាទំនើបៗសម្រាប់បម្រើដល់វិស័យយោធា។
ភាពតានតឹងនេះមិនមែនជារឿងលេងសើចឡើយ ព្រោះកាលពីដើមខែមីនាកន្លងទៅ ធ្លាប់មានការវាយប្រហារដោយដ្រូនទៅលើមជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Amazon នៅប្រទេសអារ៉ាប់រួម និងបារ៉ែនរួចម្តងទៅហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ខាងសេតវិមានរបស់អាមេរិកបានបង្ហាញជំនឿចិត្តថា យោធារបស់ខ្លួនបានត្រៀមខ្លួនរួចរាល់ដើម្បីទប់ស្កាត់រាល់ការវាយប្រហារទាំងឡាយ ដោយពួកគេបានកត់សម្គាល់ឃើញថា ចំនួននៃការបាញ់មីស៊ីល និងដ្រូនពីសំណាក់របបអ៊ីរ៉ង់បានធ្លាក់ចុះរហូតដល់ទៅ ៩០ភាគរយឯណោះនាពេលថ្មីៗនេះ។
បើតាមសារព័ត៌មាន Politico អ្នកជំនាញខាងសន្តិសុខបានមើលឃើញថា ពេលនេះមជ្ឈមណ្ឌលបច្ចេកវិទ្យា និងទិន្នន័យរបស់អាមេរិកលែងជារឿងជំនួញសុទ្ធសាធទៀតហើយ ប៉ុន្តែវាបានក្លាយជាគោលដៅយុទ្ធសាស្ត្រក្នុងសង្រ្គាមតែម្តង។
