ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកសេសាន ធ្វើប្រតិបត្តិការឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀន និងសម្ភារៈសម្រាប់សេពគ្រឿងញៀនដោយខុសច្បាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ០២:៥៥នាទី រសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅចំណុចកំពង់ទឹកក្នុងភូមិស្រែគរ១ ឃុំស្រែគរ ស្រុកសេសាន។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះ ឆឹង សិដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិដដែល។

ក្នុងពេលប្រតិបត្តិការ សមត្ថកិច្ចបានរកឃើញ និងរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន២កញ្ចប់ (ធំ១ តូច១) ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន ទូកស្មាច់ចំនួន១ម៉ាស៉ីន កាណូតម៉ាកហ៉ីនូតា០១គ្រឿង កម្លាំង១៨សេះ។
នៅក្នុងប្រតិបត្តិការខាងលើ មានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ស៉ីន សុហឹង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង ដែលបានឈានដល់ការឆែកឆេរផ្ទះជនសង្ស័យនៅថ្ងៃដដែល វេលាម៉ោង១៥:០៥នាទី។

ក្នុងការឆែកឆេរផ្ទះ សមត្ថកិច្ចបានរកឃើញវត្ថុតាងបន្ថែមទៀតរួមមាន៖ កាំភ្លើងកែច្នៃបាញ់ហ្គាសចំនួន១ដើម ឧបករណ៍ឆក់ត្រី រួមមានម៉ាស៉ីនឆក់០៤គ្រឿង អាគុយចំនួន០១គ្រឿង កម្លាំង៤០អំពែរ ម៉ូតូយ៉ាមា៉ហាចំនួន១គ្រឿង ព្រមទាំងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលប្រឆាំងបទល្មើសគ្រឿងញៀន កសាងសុំណុំរឿងទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីតាមច្បាប់។
