ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅយប់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បុរសម្នាក់បានបើករថយន្ត Range Rover ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AC-6064 ក្នុងល្បឿនលឿនពេក បណ្តាលឲ្យបាត់បង់ការគ្រប់គ្រង ហើយបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងខ្លាំង។

រថយន្តខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ ចំណែកអ្នកបើកបររងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៩:៣០នាទីយប់ នៅពេលដែលរថយន្តធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ទិសដៅពីជើងទៅត្បូង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន។

រថយន្តនឹងត្រូវរក្សាទុករង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ។ សមត្ថកិច្ចនៅតែបន្តស៊ើបអង្កេតពីមូលហេតុនៃគ្រោះថ្នាក់នេះ។
ដោយ៖ ភារ៉ា ដង្កោ
