ភ្នំពេញ៖ នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បានឃាត់ខ្លួនបុរសម្នាក់ដែលក្លែងភេទស្រី និងជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Kim Ya An ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិតពីការផាកពិន័យស្រវឹង។

ជនសង្ស័យឈ្មោះ ប៉ែនភ័ក្រ សុរីធន់ អាយុ ៣០ឆ្នាំ ជាបុគ្គលិកខារ៉ាអូខេ THE DRINK ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ដោយសារបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ និងប្រើប្រាស់ឯកសារសារធារណៈក្លែង។
ព្រឹត្តិការណ៍នេះកើតឡើងក្រោយពីជនសង្ស័យត្រូវបានសមត្ថកិច្ចផាកពិន័យ ២លានរៀល សម្រាប់បទបើករថយន្តក្រោមឥទ្ធិពលជាតិអាល់កុលកម្រិត ០,៥៥ Mg/l នៅពេលយប់ថ្ងៃទី៣០ មីនា។

តាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យបានសហការល្អជាមួយសមត្ថកិច្ចក្នុងការផ្លុំឧបករណ៍វាស់ជាតិអាល់កុល និងយល់ព្រមទទួលការផាកពិន័យដោយផ្តិតមេដៃ។ ប៉ុន្តែនៅព្រឹកថ្ងៃបន្ទាប់ គាត់បានផ្សព្វផ្សាយព័ត៌មានមិនពិតលើហ្វេសប៊ុកថា សមត្ថកិច្ចបានបង្ខំឲ្យផ្លុំឧបករណ៍វាស់ជាតិអាល់កុលច្រើនដង និងទារប្រាក់ ៥០០ដុល្លារ។
បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវឃាត់ខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរចាត់ការតាមនីតិវិធី។ នគរបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ និងកុំជឿព័ត៌មានមិនពិតលើបណ្តាញសង្គម។
