ភ្នំពេញ៖ អង្គការសិល្បៈខ្មែរអមតៈបានប្រកាសពីការចាប់ផ្ដើមដំណើរទស្សនាចរណ៍លើកទី២ នៃកម្មវិធីសម្ដែងសិល្បៈតាមខេត្ត ក្រោមប្រធានបទ«បន្លឺសំឡេងសិល្បករ និងសហគមន៍ដែលមានសំឡេងតិចនៅកម្ពុជា» សម្រាប់ឆ្នាំ២០២៦។

យោងតាមសេចក្ដីជូនដំណឹង បន្ទាប់ពីទទួលបានជោគជ័យលើកទីមួយកាលពីខែវិច្ឆិកា ២០២៥ នៃដំណើរទស្សនាចរណ៍ទៅសហគមន៍ចំនួន៤ ក្នុងខេត្តប៉ៃលិន និងពោធិ៍សាត់ កម្មវិធីនេះនឹងបន្តដំណើរទស្សនាចរណ៍លើកទីពីរ ចាប់ពីថ្ងៃទី៣ ដល់៩ ខែមេសា ឆ្នាំ២០២៦ ទៅសហគមន៍ចំនួន៤ក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀង។
ដំណើរទស្សនាចរណ៍លើកទីបីជាលើកចុងក្រោយ នឹងប្រព្រឹត្តទៅនៅខែសីហា ឆ្នាំ២០២៦ ដោយពង្រីកទៅកាន់សហគមន៍ចំនួន៦ ក្នុងខេត្តឧត្តរមានជ័យ ព្រៃវែង និងស្វាយរៀង។

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១៨ កម្មវិធីសម្ដែងសិល្បៈតាមខេត្ត បាននាំយកការសម្ដែងសិល្បៈទស្សនីយភាព កិច្ចពិភាក្សា និងសិក្ខាសាលាសិល្បៈច្រមុះ ទៅកាន់ខេត្តគោលដៅ ជាពិសេសសហគមន៍នៅតាមតំបន់ដាច់ស្រយាលកម្រមានសកម្មភាពសិល្បៈទៅដល់។
«យើងនាំយកសិល្បៈទៅកាន់សហគមន៍ គឺជាការបង្កើតឱកាសឱ្យរឿងរ៉ាវ អត្តសញ្ញាណ និងសំឡេងផ្សេងៗបានផ្សារភ្ជាប់គ្នារវាងមនុស្ស និងមនុស្ស និងសហគមន៍ និងសហគមន៍»។

រៀងរាល់ឆ្នាំ កម្មវិធីនេះបានដឹកនាំសិល្បៈទៅសហគមន៍ចន្លោះ១០ ទៅ១៤សហគមន៍ទូទាំងប្រទេស និងទាក់ទាញទស្សនិកជនចូលរួមជាង២០,០០០នាក់។
ស្នាដៃសិល្បៈទស្សនីយភាពដែលដាក់បង្ហាញ គឺសុទ្ធសឹងតែជ្រើសរើសចេញពីមូលនិធិដំឡើងស្នាដៃថ្មី ដែលជាកម្មវិធីស្នូលមួយរបស់អង្គការសិល្បៈខ្មែរអមតៈ។

នៅក្នុងឆ្នាំនេះ យើងបានគាំទ្រក្រុមសិល្បៈសហគមន៍ជនជាតិដើមភាគតិចថ្មីមួយមកពីខេត្តមណ្ឌលគិរី ហើយបន្តសហការជាមួយក្រុមសិល្បៈដែលធ្លាប់ទទួលបានការគាំទ្រពីយើងរួមមាន ក្រុមសិល្បៈសហគមន៍ចាមមកពីខេត្តពោធិ៍សាត់ និងក្រុមស្គរស្ត្រី មេធា មកពីខេត្តសៀមរាប។
កម្មវិធីសម្ដែងសិល្បៈតាមខេត្តបង្កើតឡើងសម្រាប់ផ្ដល់នូវផ្ទាំងសិល្បៈទស្សនីយភាព ទៅកាន់ប្រជាជនរស់នៅតាមជនបទដាច់ស្រយាលឱ្យបានទស្សនាកាសម្ដែងផ្ទាល់។ កម្មវិធីនេះ ជាផ្នែកមួយរបស់កម្មវិធីសិល្បៈនិងសហគមន៍ នៃអង្គការសិល្បៈខ្មែរអមតៈ។
ជារៀងរាល់ឆ្នាំ កម្មវិធីសម្ដែងសិល្បៈតាមខេត្ត ត្រូវបានប្រព្រឹត្តិឡើងនៅតាមសហគមន៍នាបណ្ដាខេត្តផ្សេងៗគ្នា។ ការដាក់បង្ហាញស្នាដៃសិល្បៈទស្សនីយភាព គឺត្រូវបានជ្រើសរើសមកពីមូលនិធិដំឡើងស្នាដៃថ្មី ដែលជាមូលនិធិមួយនៃអង្គការសិល្បៈខ្មែរអមតៈផងដែរ។
សរសេរដោយ៖ សុខ វាសនា
កែសម្រួលដោយ៖ ស្រីណា
