ភ្នំពេញ៖ យុវជនចំនួន៣នាក់បានរងរបួសធ្ងន់ធ្ងរបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងខ្លាំង កាលពីវេលាម៉ោង៤និង១១នាទីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នៅផ្លូវសហព័ន្ធរុស្សី សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះទី១គឺ អ្នកស្រី គង់ សម្បត្តិ អាយុ១៨ឆ្នាំ ដែលរងរបួសស្រាលរលាត់ស្បែកក្បាល មានលំនៅដ្ឋាននៅខេត្តកំពង់ឆ្នាំ។

ជនរងគ្រោះទី២គឺ អ្នកវ័យក្មេង ស៊ូ សំណេត អាយុ១៦ឆ្នាំ ដែលរងរបួសហូរឈាមតាមច្រមុះ និងប៉ោងភ្នែកខាងឆ្វេង មានលំនៅដ្ឋាននៅខេត្តព្រៃវែង។

ជនរងគ្រោះទី៣គឺ អ្នកវ័យក្មេង ស្រេង ស្រាល អាយុ១៧ឆ្នាំ ដែលរងរបួសរលាត់មុខ និងរលាត់ដៃស្តាំ ក៏មានលំនៅដ្ឋាននៅខេត្តព្រៃវែងដែរ។

តាមការស៊ើបអង្កេតបឋមបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូឃ្លីកមួយគ្រឿងជិះខាងមុខ ត្រូវបានម៉ូតូស្កូបពីរគ្រឿងជិះពីក្រោយដោយល្បឿនលឿន ហើយនៅពេលមកដល់ចំណុចកើតហេតុ អ្នកជិះម៉ូតូស្កូបបានចាប់ហ្វ្រ័ងមិនជាប់ បណ្តាលឱ្យបុកពីក្រោយចំហៀងម៉ូតូឃ្លីក ធ្វើឱ្យដួលរងរបួសទាំងសងខាង។

ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកជញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមះយ៉ាងប្រញាប់ប្រញាល់ ដើម្បីទទួលការព្យាបាល។

សភាពការណ៍បច្ចុប្បន្ន ជនរងគ្រោះទាំង៣នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ខណៈដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងស៊ើបអង្កេតហេតុការណ៍នេះបន្ថែមទៀត។
ដោយ៖ សុខាសែនជ័យ
