ភ្នំពេញ៖ ក្រុមហ៊ុន BYD នៅកម្ពុជា បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារនិងការថែរក្សាបរិស្ថាន។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាជាមួយលោក យៀក ឆឹងហ៊ុយ ប្រធានផ្នែកលក់ BYD កម្ពុជា និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។

លោករដ្ឋមន្ត្រីបានស្វាគមន៍ការចូលមកវិនិយោគរបស់ BYD និងថ្លែងអំណរគុណចំពោះការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងផ្តល់ឱកាសការងារនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា វត្តមាន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា។

“រាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការរបស់ BYD និងបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដើម្បីលើកទឹកចិត្តការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា” លោក ហេង សួរ បានបញ្ជាក់។

លោក យៀក ឆឹងហ៊ុយ បានថ្លែងអំណរគុណចំពោះការគាំទ្រពីរាជរដ្ឋាភិបាល និងបានជម្រាបជូនពីយុទ្ធសាស្ត្របន្តរបស់ BYD នៅកម្ពុជា ដែលផ្តោតលើការគាំពារបរិស្ថាន និងផ្តល់ជម្រើស EV ទំនើបក្នុងតម្លៃសមរម្យ។

ភាគីទាំងពីរបានប្តេជ្ញារួមគ្នាពិនិត្យលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសតាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែផលិតកម្មផ្ទាល់។

កិច្ចប្រជុំនេះបានពិភាក្សាពីការបង្កើតឱកាសសម្រាប់យុវជនកម្ពុជាឱ្យទទួលបានជំនាញខ្ពស់ក្នុងវិស័យ EV ដែលនឹងជួយគាំទ្រដល់ការអភិវឌ្ឍជាតិ និងភាពប្រកួតប្រជែងក្នុងតំបន់។

ក្រុមហ៊ុន BYD បានកត់សម្គាល់ពីកំណើនយ៉ាងឆាប់រហ័សនៃការប្រើប្រាស់រថយន្តរបស់ខ្លួននៅកម្ពុជា ដែលបង្ហាញពីតម្រូវការកាន់តែខ្ពស់ចំពោះការបង្គុំរថយន្ត ការនាំចូល និងការបណ្តុះបណ្តាលជំនាញ។

ជំនួបនេះបានបញ្ចប់ដោយការប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ។

ដោយ៖ តារា
