
រុស្ស៊ីបានប្រកាសពីការគំរាមកម្មធ្វើសងសឹកភ្លាមៗទៅលើប្រទេសណាមួយដែលផ្តល់សិទ្ធិឲ្យអ៊ុយក្រែនប្រើប្រាស់ដែនអាកាសរបស់ពួកគេ ដើម្បីវាយប្រហារកំពង់ផែរបស់រុស្ស៊ីនៅតំបន់បាល់ទិក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣១មីនា ដោយបញ្ជាក់ថា៖ «ប្រសិនបើដែនអាកាសប្រទេសណាមួយត្រូវបានផ្តល់ឲ្យដើម្បីអនុវត្តសកម្មភាពអរិភាពប្រឆាំងនឹងសហព័ន្ធរុស្ស៊ី នេះនឹងជំរុញឲ្យពួកយើងធ្វើការសន្និដ្ឋានសមស្រប ហើយចាត់វិធានការសងសឹកដែលត្រូវគ្នាភ្លាម»។

លោក Peskov បានបន្តថា យោធារុស្ស៊ីកំពុងតាមដាន និងវិភាគស្ថានការណ៍យ៉ាងដិតដល់ ហើយកំពុងណែនាំអនុសាសន៍សម្រាប់វិមានក្រឹមឡាំងពិចារណា។ ទោះបីជាមានការខិតខំប្រឹងប្រែងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក៏ដោយ ក៏មិនអាចធានាការការពារ១០០%ប្រឆាំងនឹងការវាយប្រហារភេរវកម្មនោះទេ។
នៅក្នុងការចែករំលែកតាមបណ្តាញសង្គម លោក Peskov បានបញ្ជាក់ថា រុស្ស៊ីមិនទទួលយកកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្ននៅក្នុងជម្លោះអ៊ុយក្រែនទេ ហើយបានអំពាវនាវឲ្យមានសន្តិភាពរយៈពេលវែងនៅក្នុងប្រទេសអ៊ុយក្រែន។

ក្នុងរយៈពេលមួយខែកន្លងមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេងរបស់រុស្ស៊ី ដោយបានធ្វើការវាយប្រហារដោយយន្តហោះដ្រូនដ៏ខ្លាំងក្លាបំផុតនៅក្នុងជម្លោះជាង៤ឆ្នាំ ដោយផ្តោតលើកំពង់ផែបាល់ទិកដូចជា Ust-Luga និង Primorsk។
អត្ថបទ៖ សាង ស្រីល័ក្ខ
