
ភ្នំពេញ៖ បាតុកម្មដ៏ធំធេង «No Kings» ដែលចាប់ផ្ដើមនៅសហរដ្ឋអាមេរិក បានរាលដាលទៅកាន់១៦ប្រទេសទៀត ដោយមានអ្នកចូលរួមរាប់លាននាក់ ដើម្បីប្រឆាំងសង្គ្រាមរបស់អាមេរិកលើអ៊ីរ៉ង់ និងសម្ដែងការមិនពេញចិត្តចំពោះលោកប្រធានាធិបតី ដូណាល់ ត្រាំ។

តាមការផ្សាយរបស់ Al Jazeera បាតុកម្មនេះដែលចាប់ផ្ដើមនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ត្រូវបានគេចាត់ទុកថាជា «ការតវ៉ាក្នុងរយៈពេលតែមួយថ្ងៃដែលធំបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក» ជាមួយការរៀបចំព្រឹត្តិការណ៍ជាង ៣,៣០០ កន្លែង ក្នុងរដ្ឋទាំង៥០។

នៅអាមេរិក បាតុកម្មមិនត្រឹមតែប្រឆាំងសង្គ្រាមអ៊ីរ៉ង់ទេ ថែមទាំងរាលដាលទៅជាការប្រឆាំងនឹងភ្នាក់ងារអន្តោប្រវេសន៍ដែលប្រើវិធីសាស្រ្តកាចសាហាវ។ ចំណុចផ្ទុះខ្លាំងនៃបាតុកម្មនេះគឺរដ្ឋ Minnesota បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារលើពលរដ្ឋដោយភ្នាក់ងារសហព័ន្ធ។

បាតុកម្ម «No Kings» បានរាលដាលដល់១៦ប្រទេស រួមមានអ៊ីរ៉ង់ បារាំង និងអាល្លឺម៉ង់ ដោយបាតុកម្មបានកើតឡើងក្នុងទីក្រុងរ៉ូម ប៉ារីស និងបែរឡាំង។ ទោះបីជាមិនសូវមានការហែក្បួនកកកុញដូចមុន ប៉ុន្តែចលនានេះនៅតែបន្តយ៉ាងសកម្មតាមរយៈការធ្វើកូដកម្ម និងការតស៊ូផ្នែកនយោបាយ។

មេធាវី និងអង្គការសិទ្ធិមនុស្សជាច្រើនបានដាក់ពាក្យប្ដឹងទៅតុលាការជាន់ខ្ពស់ ដើម្បីជំទាស់នឹងបទបញ្ជាផ្ទៃក្នុងរបស់ប្រធានាធិបតីដូណាល់ ត្រាំ។ ទន្ទឹមនេះ អ៊ីរ៉ង់បានបោះសម្ដីថា៖ «ច្រក Hormuz គង់តែបើកវិញទេ ប៉ុន្តែមិនមែនសម្រាប់អាមេរិកឡើយ»។
