ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រកាសថា ក្នុងអំឡុងចុងខែមីនាឆ្នាំ២០២៦ ជនបរទេសសរុបចំនួន ១,៥២៨នាក់ (ស្រី ២៣២នាក់) មកពី២៣សញ្ជាតិផ្សេងគ្នា ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

ការបណ្ដេញចេញនេះធ្វើឡើងតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់។ ក្នុងចំណោមជនបរទេសដែលត្រូវបណ្ដេញចេញ មានជនជាតិចិនចំនួន៣២៧នាក់ (ស្រី២០នាក់) ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។

បទល្មើសផ្សេងៗដែលជនបរទេសទាំងនេះប្រព្រឹត្តមានដូចជា៖ លួចឆ្លងដែន បន្លំឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ចាប់ជំរិទទារប្រាក់ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ) ឆបោកតាមប្រព័ន្ធអនឡាញ និងធ្វើការងារខុសច្បាប់។

ការបណ្ដេញចេញធ្វើឡើងតាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ។ ជនបរទេសខ្លះត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា វិធានការនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។

ក្រោយការបណ្ដេញចេញនេះ ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញដោយសុវត្ថិភាព។

រដ្ឋាភិបាលកម្ពុជាបន្តអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែងចំពោះអ្នកណាម្នាក់ សូម្បីតែមេខ្លោងដែលនៅពីក្រោយក៏ដោយ។

