គ្រាប់ផ្លោងមីយ៉ាន់ម៉ាធ្លាក់ចូលថៃ បណ្តាលឲ្យពលរដ្ឋ៤នាក់របួស ខណៈស្ថានការណ៍ព្រំដែនកំពុងតានតឹងខ្លាំង

គ្រាប់ផ្លោងមីយ៉ាន់ម៉ាធ្លាក់ចូលថៃ បណ្តាលឲ្យពលរដ្ឋ៤នាក់របួស ខណៈស្ថានការណ៍ព្រំដែនកំពុងតានតឹងខ្លាំង

ស្ថានការណ៍នៅព្រំដែនថៃ-មីយ៉ាន់ម៉ា កំពុងតានតឹងខ្លាំងឡើងវិញ បន្ទាប់ពីគ្រាប់ផ្លោងពីការប្រយុទ្ធនៅមីយ៉ាន់ម៉ា បានធ្លាក់ចូលដីថៃ បណ្តាលឲ្យពលរដ្ឋថៃ៤នាក់រងរបួស។

ព្រំដែនថៃ-មីយ៉ាន់ម៉ា

តាមការផ្សាយរបស់ Amarin TV ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា បានផ្ទុះឡើងនាវេលាម៉ោង១៦:១០នាទី ថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦ រវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកម្លាំងសហភាពជាតិការ៉ែន (KNU) ក្នុងតំបន់ Myawaddy រដ្ឋ Karen។

សមរភូមិក្តៅនោះ មានទីតាំងនៅជិតភូមិថៃជាច្រើនក្នុងស្រុក Mae Sot ខេត្ត Tak ដែលស្ថិតនៅជិតព្រំដែន។

កងទ័ពថៃតាមដានស្ថានការណ៍

យោងតាមរបាយការណ៍ កងទ័ពមីយ៉ាន់ម៉ា បានបាញ់កាំភ្លើង៨១មិល្លីម៉ែត្រនិង១២០មិល្លីម៉ែត្រ ប៉ុន្តែគ្រាប់បានហោះធ្លាយចូលដីថៃ ធ្លាក់នៅក្បែរទន្លេ Moei ជាលទ្ធផល បណ្តាលឲ្យពលរដ្ឋថៃ៤នាក់រងរបួសដោយសារបំណែកគ្រាប់។

ពាក់ព័ន្ធរឿងនេះ កងទ័ពថៃនៅឈរជើងតាមព្រំដែន បានបាញ់៤គ្រាប់ឡើងលើអាកាសដើម្បីព្រមាន ប៉ុន្តែភ្លាមៗមិនទាន់ចាត់វិធានការតបតណាមួយទៅវិញទេ។

កងកម្លាំងពិសេសថៃ បានសង្កត់ធ្ងន់ថា កងទ័ពរបស់ខ្លួននៅតែបន្តអនុវត្តតាមវិធាននៃការប្រើប្រាស់កម្លាំង យ៉ាងម៉ឺងម៉ាត់ និងកំពុងតាមដានស្ថានការណ៍តាមបណ្តោយព្រំដែនយ៉ាងយកចិត្តទុកដាក់បំផុត។

administrator

Related Articles