
កូរ៉េខាងត្បូងកំពុងពិចារណាពង្រីកការរឹតបន្តឹងលើការបើកបររបស់សាធារណជនទូទាំងប្រទេស ប្រសិនបើតម្លៃប្រេងសកលកើនឡើងបន្ថែមទៀត។ រដ្ឋាភិបាលកំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ថាមពល នៅពេលមានភាពតានតឹងផ្នែកផ្គត់ផ្គង់ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង លោក គូ យុន ឆឹល (Koo Yun-cheol) បានបញ្ជាក់ថា រដ្ឋាភិបាលអាចបង្រីកការរឹតបន្តឹងទៅដល់ការប្រើប្រាស់រថយន្តឯកជន ប្រសិនបើតម្លៃប្រេងឆៅកើនឡើងដល់ប្រហែល ១២០-១៣០ ដុល្លារ/បារ៉ែល។ តម្លៃបច្ចុប្បន្នស្ថិតនៅជុំវិញ ១១០ ដុល្លារ/បារ៉ែល។

ប្រសិនបើពង្រីកដល់សាធារណជនទាំងមូល នេះនឹងក្លាយជាការរឹតបន្តឹងទូទាំងប្រទេសជាលើកដំបូងសម្រាប់កូរ៉េខាងត្បូង ចាប់តាំងពីសង្រ្គាមឈូងសមុទ្រពែរ្សក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
លោក Koo បានព្រមានថា ប្រសិនបើស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែអាក្រក់ កូរ៉េខាងត្បូងអាចបង្កើនវិធានការប្រុងប្រយ័ត្នវិបត្តិដល់កម្រិត «ព្រមាន» និងចាប់ផ្តើមកំណត់ការប្រើប្រាស់ថាមពល។ រដ្ឋាភិបាលក៏អាចកាត់បន្ថយពន្ធប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីកាត់បន្ថយបន្ទុកលើគ្រួសារ។

កូរ៉េខាងត្បូងនាំចូលប្រេងប្រហែល ៧០% របស់ខ្លួនពីមជ្ឈិមបូព៌ា ដែលធ្វើឱ្យប្រទេសនេះងាយរងគ្រោះដោយសារការរំខានផ្នែកផ្គត់ផ្គង់ និងការប្រែប្រួលតម្លៃ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលបានដាក់ចេញនូវ «ប្រព័ន្ធបង្វិលយានយន្តរយៈពេល ៥ ថ្ងៃ» សម្រាប់បុគ្គលិករដ្ឋ ដោយកំណត់ថា តើរថយន្តណាអាចបើកបរបាននៅថ្ងៃធ្វើការ ដោយផ្អែកលើលេខផ្លាកលេខរថយន្ត។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានជំរុញឱ្យប្រទេសបង្កើនការផ្លាស់ប្ដូរទៅប្រើប្រាស់ថាមពលកកើតឡើងវិញ ដូចជារថយន្តអគ្គិសនីជាដើម ដោយនិយាយថា បញ្ហាថាមពល «គឺធ្ងន់ធ្ងរខ្លាំងដែលធ្វើឱ្យខ្ញុំដេកមិនលក់»។
