ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជាបានសម្រេចបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) យ៉ាងជោគជ័យក្នុងរយៈពេល ៩ខែចុងក្រោយនេះ ដោយបានបញ្ជូនជនសង្ស័យប្រមាណ ៧៥០នាក់ទៅតុលាការ និងបណ្តេញជនបរទេសចំនួន ១១,០០០នាក់ចេញពីប្រទេស។

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានជម្រាបជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាថា ចាប់ពីខែកក្កដា ២០២៥ ដល់ខែមីនា ២០២៦ សមត្ថកិច្ចបានបង្ក្រាបករណីឆបោកអនឡាញជាង ២៥០ករណី និងបញ្ជូនសំណុំរឿង ៨០ករណីទៅតុលាការ។

ក្នុងកិច្ចប្រជុំស្តីពី «ការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា» ដែលរៀបចំឡើងក្រោមអធិបតីភាពលោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានបង្ហាញថា ជនបរទេសចំនួន ១១,០០០នាក់ រួមមានជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ប៉ាគីស្ថាន និងថៃ ត្រូវបានបណ្តេញចេញពីកម្ពុជា។

«ក្រុមបោកប្រាស់តាមអនឡាញលែងប្រមូលផ្តុំគ្នានៅក្នុងកាស៊ីណូ ឬអគារធំៗទៀតហើយ។ ពួកគេបានបំបែកគ្នាជាក្រុមតូចៗទៅធ្វើសកម្មភាពលបលួចនៅតាមបុរី, ផ្ទះល្វែង ឬខុនដូ» លោកសន្តិបណ្ឌិតបានពន្យល់។

អាជ្ញាធរក៏បានចុះត្រួតពិនិត្យទីតាំងសង្ស័យជាង ១០,០០០កន្លែង ដែលមានជនបរទេសប្រមាណ ៨០,០០០នាក់ស្នាក់នៅ ពី ៧៨សញ្ជាតិ។ រូបភាពឆបោកដែលត្រូវបានរកឃើញរួមមានការបោកប្រាស់ក្រោមរូបភាពស្នេហា, ការឆបោកឱ្យដាក់ទុនវិនិយោគ, ការប្រើកម្មវិធីឈ្នះរង្វាន់, និងការបោកប្រាស់ការងារប្រាក់ខែខ្ពស់។

ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការប្រឆាំងអំពើឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលត្រូវបានរដ្ឋសភាអនុម័តហើយ និងនឹងត្រូវឆ្លងព្រឹទ្ធសភានៅថ្ងៃទី៣ ខែមីនា។

លោក ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ដោយបញ្ជាក់ថា យុទ្ធនាការបោសសម្អាតការឆបោកអនឡាញបានស្ដារមុខមាត់ប្រទេសឡើងវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ២០២៦នេះ។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋានគ.ប.ឆ.ប. សរុបចំនួន ២១៣នាក់។

ប្រភព៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)

