
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា បទពិសោធន៍របស់ទីក្រុងកៀវក្នុងការបើកច្រកសមុទ្រខ្មៅឡើងវិញ អាចជួយដោះសោច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់គ្រប់គ្រងបាន។ ការប្រកាសនេះធ្វើឡើងក្នុងអំឡុងទស្សនកិច្ចទៅប្រទេសឈូងសមុទ្រ។

លោកហ្សេលេនស្គីបានពន្យល់ថា៖ «យើងបានលើកឡើងពីបញ្ហានេះ ពីព្រោះវាជាបញ្ហាដ៏ឈឺចាប់ និងបន្ទាន់មួយ សម្រាប់ពិភពលោកទាំងមូលនៅក្នុងបរិបទនៃវិបត្តិថាមពលបច្ចុប្បន្ន។ ពួកគេដឹងថា ពួកគេអាចពឹងផ្អែកលើជំនាញរបស់យើង ក្នុងវិស័យនេះ»។
មេដឹកនាំអ៊ុយក្រែនបានបញ្ជាក់ថា ទីក្រុងកៀវត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដោះសោច្រកសមុទ្រ Hormuz ដោយប្រើប្រាស់បទពិសោធន៍ដែលធ្លាប់ប្រើប្រាស់ក្នុងការបើកច្រកសមុទ្រខ្មៅឡើងវិញ។

ក្នុងអំឡុងទស្សនកិច្ចទៅប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា លោកបានពិភាក្សាអំពីការចែករំលែកចំណេះដឹងប្រតិបត្តិការ រួមទាំងការប្រើប្រាស់យន្តហោះដ្រូនដើម្បីធានាផ្លូវពាណិជ្ជកម្មតាមសមុទ្រ។
អ្នកវិភាគយល់ថា ការចូលរួមរបស់អ៊ុយក្រែនអាចពង្រឹងសម្ព័ន្ធភាពជាមួយរដ្ឋឈូងសមុទ្រ និងអាមេរិក ដែលអាចធានាបាននូវជំនួយថាមពល និងការកសាងឡើងវិញ។ ទោះជាយ៉ាងណា ការផ្តល់ជូនរបស់អ៊ុយក្រែនអាចនៅតែជានិមិត្តរូប ដើម្បីចៀសវាងការជាប់គាំងកាន់តែជ្រៅនៅក្នុងជម្លោះមជ្ឈិមបូព៌ា។
អត្ថបទ៖ សាង ស្រីល័ក្ខ
