ភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កងទាហានថ្មីរាប់ពាន់នាក់ពីកងពលធំទ័ពអាកាសលេខ៨២ របស់សហរដ្ឋអាមេរិកបានមកដល់តំបន់មជ្ឈិមបូព៌ាហើយ។ ការដាក់ពង្រាយនេះកើតឡើងនៅពេលដែលប្រធានាធិបតីដូណាល់ ត្រាំកំពុងពិចារណាជំហានបន្ទាប់ក្នុងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។

កងទ័ពឆ័ត្រយោងដែលមានមូលដ្ឋាននៅ Fort Bragg រដ្ឋ North Carolina បានចូលរួមបន្ថែមលើកម្លាំងទាហានជើងទឹក និងកងកម្លាំងប្រតិបត្តិការពិសេសរាប់ពាន់នាក់ក្នុងតំបន់។ នេះជាផ្នែកនៃប្រតិបត្តិការ Epic Fury ដែលកំពុងប្រព្រឹត្តទៅ។
មន្ត្រីអាមេរិកដែលនិយាយក្រោមលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា ការដាក់ពង្រាយនេះរួមមានទាហានកងទ័ពនៃទីស្នាក់ការកងពលទ័ពអាកាសលេខ៨២ ជាមួយសព្វាវុធ និងការគាំទ្រផ្សេងៗទៀត។

ប្រភពមួយបានឱ្យដឹងថា៖ «មកទល់ពេលនេះ អាមេរិកមិនទាន់មានការសម្រេចចិត្តធ្វើអ្វីមួយ ដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែពួកគេនឹងកសាងសមត្ថភាពយោធាសម្រាប់ប្រតិបត្តិការនាពេលអនាគតក្នុងតំបន់មជ្ឈិមបូព៌ា»។
កងទាហានទាំងនេះអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើនក្នុងសង្គ្រាមនៅអ៊ីរ៉ង់ រួមទាំងការប៉ុនប៉ងដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង ៩០ភាគរយរបស់ក្រុងតេហេរ៉ង់។

គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កងម៉ារីនប្រហែល ២៥០០ នាក់បានដាក់ពង្រាយនៅមជ្ឈិមបូព៌ារួចមកហើយ។ ការពង្រឹងកម្លាំងនេះបង្ហាញពីការត្រៀមខ្លួនរបស់អាមេរិកក្នុងការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់។
