ភ្នំពេញ – ការប្រកាសដ៏ភ្ញាក់ផ្អើលមួយពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើឱ្យស្ថានការណ៍នយោបាយពិភពលោកកាន់តែតានតឹង នៅពេលលោកបានលើកឡើងពីលទ្ធភាពដកខ្លួនអាមេរិកចេញពីសម្ព័ន្ធយោធា NATO បន្ទាប់ពីសង្គ្រាមជាមួយអ៊ីរ៉ង់បញ្ចប់។

ក្នុងកិច្ចសម្ភាសន៍ជាមួយ FOX News កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោក Rubio បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះប្រទេសសម្ព័ន្ធមិត្តក្នុង NATO ដែលបានបដិសេធមិនផ្តល់ការគាំទ្រយោធាដល់អាមេរិកក្នុងពេលអាសន្ន។
“នៅពេលដែលយើងត្រូវការប្រើប្រាស់មូលដ្ឋានទ័ព ឬសុំការអនុញ្ញាតហោះហើរក្នុងដែនអាកាសពីប្រទេសសម្ព័ន្ធមិត្ត យើងត្រូវបានគេបដិសេធ” លោក Rubio បានថ្លែងដោយអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង។
លោកបានសួរសំណួរដ៏សំខាន់មួយថា៖ “ប្រសិនបើស្ថានការណ៍នៅតែបែបនេះ តើអាមេរិកនឹងបន្តស្ថិតក្នុង NATO ដើម្បីអ្វីទៀត? ទំនាក់ទំនងនេះហាក់ដូចជាផ្លូវមួយខ្សែ ដែលមានតែអាមេរិកជួយគេ តែគ្មានអ្នកណាជួយអាមេរិកវិញ។”
ប្រភពជម្លោះសំខាន់បានមកពីការសម្រេចចិត្តរបស់ប្រទេសមួយចំនួនដូចជា អ៊ីតាលី និងអេស្ប៉ាញ ដែលបានបិទមិនឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ព និងដែនអាកាសរបស់ពួកគេ ដោយសារការព្រួយបារម្ភអំពីភាពស្របច្បាប់នៃសង្គ្រាម។
ទោះបីជាប្រទេសដូចជាអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានផ្តល់ការគាំទ្រក្នុងកម្រិតមួយក៏ដោយ ក៏លោក Rubio នៅតែមានទស្សនៈថា វាគ្មានន័យក្នុងការដាក់ទាហានអាមេរិកនៅតាមតំបន់ទាំងនោះ ប្រសិនបើពួកគេមិនអាចធ្វើសកម្មភាពបាននៅពេលចាំបាច់។
លោកបានបញ្ជាក់ថា ទោះបីជាលោកធ្លាប់ជាអ្នកគាំទ្រដ៏ខ្លាំងក្លារបស់ NATO ក៏ដោយ ក៏ការសម្រេចចិត្តចុងក្រោយអំពីការបន្ត ឬបញ្ចប់សមាជិកភាពនេះ នឹងស្ថិតនៅក្រោមអំណាចរបស់ប្រធានាធិបតីតែម្នាក់គត់។
