យន្តហោះដឹកជញ្ជូនយោធារបស់រុស្ស៊ីប្រភេទ An-26 បានធ្លាក់ចូលភ្នំនៅតំបន់គ្រីមៀ បណ្ដាលឱ្យមនុស្ស២៩នាក់បាត់បង់ជីវិតក្នុងសោកនាដកម្មដែនអាកាសដ៏រន្ធត់មួយ។

តាមការផ្សាយរបស់ RT សារព័ត៌មានរុស្ស៊ី យន្តហោះនេះបានធ្លាក់អំឡុងពេលហោះហើរលើឧបទ្វីបសមុទ្រខ្មៅ នាវេលាម៉ោង៦ល្ងាចថ្ងៃអង្គារទី៣១ខែមីនាឆ្នាំ២០២៦។ ក្នុងចំណោមអ្នកស្លាប់ទាំង២៩នាក់នោះ មានអ្នកដំណើរ២៣នាក់ និងសមាជិកអាកាសយានិក៦នាក់។
ទីក្រុងមូស្គូមិនទាន់បញ្ចេញព័ត៌មានច្បាស់លាស់អំពីចំណុចចេញចូលរបស់យន្តហោះនេះនៅឡើយទេ។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា គ្រោះមហន្តរាយនេះមិនមែនបណ្ដាលមកពីការបាញ់របស់អ៊ុយក្រែននោះទេ។

សារព័ត៌មាន RIA Novosti បានរាយការណ៍ថា បើយោងតាមទិន្នន័យបឋម យន្តហោះ An-26 បានធ្លាក់ដោយសារបញ្ហាបច្ចេកទេស។ យន្តហោះប្រភេទនេះត្រូវបានរចនានិងផលិតដោយក្រុមហ៊ុន Antonov នៃអតីតសហភាពសូវៀត ហើយជាយន្តហោះដឹកជញ្ជូនយោធាធុនមធ្យមដែលមានម៉ាស៊ីនស្លាបចក្រពីរ។
An-26 អាចដឹកទាហានបានរហូតដល់៤០នាក់ ឬទាហានឆត្រយោង៣០នាក់ ឬទំនិញទម្ងន់រហូតដល់៥,៥០០គីឡូក្រាម។ យន្តហោះនេះមានល្បឿនប្រហែល៤៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបានចម្ងាយប្រហែល១,១០០គីឡូម៉ែត្រ នៅពេលផ្ទុកពេញ។

ការស៊ើបអង្កេតអំពីមូលហេតុពិតប្រាកដនៃគ្រោះមហន្តរាយនេះនៅតែបន្តដំណើរការដោយអាជ្ញាធរពាក់ព័ន្ធ។ នេះជាគ្រោះមហន្តរាយអាកាសយានធ្ងន់ធ្ងរបំផុតមួយក្នុងតំបន់គ្រីមៀក្នុងរយៈពេលថ្មីៗនេះ។
