ប៉ូឡូញបដិសេធមិនឲ្យអាមេរិកខ្ចីប្រព័ន្ធការពារអាកាស Patriot ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ីរ៉ង់

ប៉ូឡូញបដិសេធមិនឲ្យអាមេរិកខ្ចីប្រព័ន្ធការពារអាកាស Patriot ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមអ៊ីរ៉ង់

ប្រទេសប៉ូឡូញបានប្រកាសយ៉ាងច្បាស់លាស់ថា នឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិកខ្ចីប្រព័ន្ធការពារអាកាស Patriot ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ឡើយ។ ការសម្រេចចិត្តនេះបានមកពីការគិតគូរពីសន្តិសុខជាតិរបស់ប៉ូឡូញជាអាទិភាព។

ប្រព័ន្ធការពារអាកាស Patriot

ក្នុងសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ Wladyslaw Kosiniak-Kamysz បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ប៉ូឡូញ នឹងមិនចល័តប្រព័ន្ធមីស៊ីលការពារអាកាស Patriot ដែលផលិតដោយអាមេរិក ទៅកាន់មជ្ឈិមបូព៌ាដើម្បីជួយអាមេរិកក្នុងការស្ទាក់ចាប់ការវាយប្រហារពីប្រទេសអ៊ីរ៉ង់ឡើយ»។

តាមសម្តីលោក Kosiniak-Kamysz គ្រឿងបំពាក់និងគ្រាប់នៃប្រព័ន្ធការពារអាកាស Patriot របស់ប៉ូឡូញ ត្រូវបានប្រើប្រាស់ដើម្បីការពារដែនអាកាសរបស់ខ្លួន និងតំបន់ប៉ែកខាងកើតនៃអង្គការណាតូ។ សន្តិសុខជាតិប៉ូឡូញ គឺជាអទិភាពចម្បង។

ការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ គឺជាការឆ្លើយតបទៅសារព័ត៌មាន Rzeczpospolita របស់ប៉ូឡូញ ដែលរាយការណ៍ថា សហរដ្ឋអាមេរិក បានសុំខ្ចីប្រព័ន្ធការពារអាកាស Patriot យ៉ាងតិចពីរគ្រឿង រួមជាមួយនឹងគ្រាប់មីស៊ីលប្រភេទ PAC-3 MSE មួយចំនួន ដែលធ្លាប់បានលក់ឲ្យប៉ូឡូញ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។

ប្រព័ន្ធការពារដែនអាកាស Patriot ដែលប៉ូឡូញកំពុងពង្រឹងសមត្ថភាពនេះ គឺជាខែលមានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់អឺរ៉ុប។ គម្រោងដែលប៉ូឡូញហៅថា Wisła នេះ មិនមែនគ្រាន់តែជាការទិញអាវុធធម្មតានោះទេ ប៉ុន្តែវាគឺជាការផ្លាស់ប្តូរមុខមាត់ថ្មីនៃប្រព័ន្ធការពារជាតិរបស់ពួកគេផងដែរ។

ប៉ូឡូញបានបញ្ជាទិញប្រព័ន្ធ Patriot ជំនាន់ចុងក្រោយបំផុត ដែលប្រើប្រាស់មីស៊ីលប្រភេទ PAC-3 MSE ជាមួយសមត្ថភាពស្ទាក់ចាប់មីស៊ីល ល្បឿនលឿនជាងសំឡេង និងការពារដែនអាកាសពីការឈ្លានពានគ្រប់រូបភាពក្នុងចម្ងាយឆ្ងាយ។

អ្វីដែលធ្វើឲ្យខែលរបស់ប៉ូឡូញពិសេសជាងគេ គឺការបំពាក់រ៉ាដាជំនាន់ថ្មី LTAMDS ដែលអាចមើលឃើញជុំវិញខ្លួន ៣៦០ ដឺក្រេ។ ខុសពីប្រព័ន្ធចាស់ៗដែលមើលបានតែមួយទិស រ៉ាដានេះអាចតាមដានគោលដៅគ្រោះថ្នាក់ពីគ្រប់ទិសទីក្នុងពេលតែមួយ។

យ៉ាងណាក៏ដោយ ជុំវិញរឿងនេះ មិនទាន់មានប្រតិកម្មពីសំណាក់ទីក្រុងវ៉ាស៊ីនតោនទេ។

administrator

Related Articles