ភ្នំពេញ៖ លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានផ្ញើសំបុត្រចំហមួយច្បាប់ទៅកាន់ប្រជាជនអាមេរិក កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ ដោយស្នើសុំឲ្យពលរដ្ឋអាមេរិកកុំជឿតាមការផ្សាយព័ត៌មានមិនពិតអំពីប្រទេសអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន TIME លោក Pezeshkian បានទទូចសុំឲ្យពលរដ្ឋអាមេរិកទាំងអស់ពិនិត្យមើលសភាពការណ៍ជាក់ស្ដែង ដោយកុំជឿតាមការផ្សាយព័ត៌មានមិនពិត។ លោកបានសង្កត់ធ្ងន់ថា ការលាបពណ៌អ៊ីរ៉ង់ថាជាប្រទេសគ្រោះថ្នាក់គ្រាន់តែជាលេសដើម្បីបម្រើដល់មហិច្ឆតាយោធា និងការលក់អាវុធប៉ុណ្ណោះ។
លោក Pezeshkian បានរំលឹកថា ក្នុងប្រវត្តិសាស្ត្រទំនើប អ៊ីរ៉ង់មិនដែលបង្កសង្គ្រាមមុនជាមួយនរណាម្នាក់ឡើយ ហើយសកម្មភាពបច្ចុប្បន្នគឺគ្រាន់តែជាការការពារខ្លួនតាមច្បាប់បន្ទាប់ពីទទួលរងការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល។

ទាក់ទងនឹងបញ្ហានេះ លោកប្រធានាធិបតីដូណាល់ ត្រាំ បានអះអាងថា លោក Pezeshkian បានស្នើសុំបទឈប់បាញ់ ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់បានបដិសេធភ្លាមៗ។ លោកត្រាំយល់ថាការវាយប្រហាររបស់ខ្លួនគឺជាការទប់ស្កាត់គ្រោះថ្នាក់ជាមុន។
លោក Pezeshkian បានលើកឡើងពីស្នាដៃ និងការចូលរួមចំណែកយ៉ាងច្រើនរបស់ជនជាតិអ៊ីរ៉ង់នៅបរទេស ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងការសិក្សាស្រាវជ្រាវនៅបណ្តាប្រទេសលោកខាងលិច ដើម្បីបញ្ជាក់ថា រូបភាពអាក្រក់ៗដែលគេផ្សព្វផ្សាយពីប្រទេសអ៊ីរ៉ង់គឺផ្ទុយស្រឡះពីការពិតទាំងស្រុង។

