ភ្នំពេញ៖ កម្លាំងអាជ្ញាធរឯកភាពរាជធានីភ្នំពេញ បានចុះប្រតិបត្តិការឆ្មក់ឆែកឆេរទីតាំងមួយកន្លែងនៅខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយសង្ស័យថាជាកន្លែងបង្កប់បទល្មើស Online Scam។

ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោង៨:៣០យប់ ក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា កម្លាំងជំនាញកំពុងត្រួតពិនិត្យវិច្ច័យដើម្បីកំណត់ឲ្យបានច្បាស់លាស់ពីការពាក់ព័ន្ធនៃជនបរទេសទាំងនេះនឹងបទល្មើស Online Scam។

ក្នុងប្រតិបត្តិការនេះ អាជ្ញាធរបានរកឃើញជនបរទេសសរុប២០នាក់ (ស្រី២នាក់) ដោយមាន១៩នាក់ជាជនជាតិចិន និង១នាក់ជាជនជាតិគីជីស្ថាន។ អាជ្ញាធរក៏បានរកឃើញវត្ថុតាងពាក់ព័ន្ធជាច្រើន រួមមាន All in one ទូរស័ព្ទដៃ និងស៊ីមកាតអន្តរជាតិ។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចដីឡូតិ៍ ភូមិស្លែង រលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ហើយបច្ចុប្បន្នជនសង្ស័យទាំងអស់នៅតែឋិតក្រោមការស៊ើបអង្កេត។
