ភ្នំពេញ៖ ក្រុមក្មេងទំនើងដែលហៅខ្លួនឯងថា “ទឹកអំពៅ” បានប្រព្រឹត្តអំពើហិង្សាដោយគប់ដុំថ្មចូលហាងលក់ចាប់ហួយមួយកន្លែង នៅពេលយប់ជិតភ្លឺ បណ្តាលឱ្យទ្រព្យសម្បត្តិខូចខាត និងមានយុវជនម្នាក់រងរបួសក្បាល។

ហេតុការណ៍នេះកើតឡើងនៅម៉ោង ៤ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នៅកំណាត់ផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។ យោងតាមយុវជនរងគ្រោះ មុនការវាយប្រហារ គេបានជួបជុំគ្នាហូបចុក ដោយមានការផឹកស្រវឹងផងដែរ។

ក្នុងវង់នោះមានយុវតីម្នាក់បាននាំសង្សារមកអង្គុយផឹកដែរ។ យុវតីនោះបាននិយាយសម្លេងខ្លាំងៗ ធ្វើឱ្យយុវជនរងគ្រោះស្នើសុំឱ្យនិយាយស្រាលៗ ដើម្បីកុំឱ្យរំខានអ្នកជិតខាង។ ការនិយាយនេះបានធ្វើឱ្យសង្សារយុវតីខឹងសម្បារហើយបានទាក់ទងហៅមិត្តភក្តិមកជួយ។

លើកទីមួយត្រូវបានសម្របសម្រួលដោយម្ចាស់ទីតាំង ប៉ុន្តែនៅម៉ោងកើតហេតុ បុរសដែលទំនើងចិត្តមិត្តស្រីបានប្រមូលក្រុមជាច្រើនម៉ូតូ ប្រដាប់ដុំថ្ម ត្រឡប់មកវិញ។ ពួកគេបានគប់ថ្មចូលហាង បំផ្លាញទ្រព្យសម្បត្តិ និងស្រែកថា “អញក្រុមទឹកអំពៅ” មុនពេលរត់គេចខ្លួន។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះស៊ើបអង្កេត និងនាំយុវតីសង្ស័យម្នាក់ ព្រមទាំងម្ចាស់ទីតាំងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីសួរនាំសាច់រឿង និងអនុវត្តតាមនីតិវិធីច្បាប់។




