ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចបានចុះទៅអប់រំ និងធ្វើកិច្ចសន្យាជាមួយក្រុមស្ត្រីចាស់ៗដែលលេងល្បែងស៊ីសងនៅលើដីឡូត៍មួយកន្លែង ក្រោយពីមានប្រជាពលរដ្ឋបានបង្ហោះតាមបណ្តាញសង្គមថា ស្ត្រីទាំងនោះលេងល្បែងរហូតភ្លេចដាំបាយឱ្យប្តី។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋបានបង្ហោះសារតាមបណ្តាញសង្គមដោយរាយការណ៍ថា មានស្ត្រីចាស់ៗច្រើននាក់លេងល្បែងបៀដាក់លុយពី ៥០០ ទៅ ១,០០០ រៀល ហើយមានខ្លះនាំកូនចៅទៅលេងផង។

“ស្ត្រីទាំងនោះលេងល្បែងខួបប្រាំងខួបវស្សា រហូតភ្លេចដាំបាយ និងធ្វើម្ហូបឱ្យប្តីហូប។ ក្រោយពេលប្តីត្រឡប់មកពីធ្វើការវិញគ្មានអ្វីហូប ក៏កើតមានករណីហឹង្សាក្នុងគ្រួសារជាញឹកញាប់ផងដែរ” នេះជាការរាយការណ៍របស់ប្រជាពលរដ្ឋម្នាក់។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានចុះទៅបង្ក្រាបជាក់ស្តែង ហើយបានធ្វើការអប់រំណែនាំ និងកិច្ចសន្យានៅនឹងកន្លែងឱ្យបញ្ឈប់សកម្មភាពលេងល្បែងស៊ីសងបន្តទៀត។

កម្លាំងសមត្ថកិច្ចបានប្រមូលវត្ថុតាងដូចជា បៀ កន្ទេល និងតុង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សី។ បើឃើញមានលើកក្រោយទៀត នឹងមានវិធានការតាមច្បាប់តែម្តង។

កម្លាំងប៉ុស្តិ៍នគរបាលបានបញ្ជាក់ថា នេះជាការណែនាំពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ដែលបានដាក់វិធានការលុបបំបាត់ល្បែងស៊ីសងមិនឱ្យកើតមានក្នុងមូលដ្ឋាន។ ជាពិសេសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ល្បែងហាមឃាត់មិនឱ្យលេង គឺអនុញ្ញាតឱ្យលេងតែល្បែងប្រជាប្រិយតែប៉ុណ្ណោះ។
