ព្រះសីហនុ – នាវាទេសចរណ៍យក្សឈ្មោះ Seven Seas Mariner សញ្ជាតិបាហាម៉ាស់ បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។

នាវាទេសចរណ៍ដ៏ធំនេះបាននាំភ្ញៀវទេសចរចំនួន ៦០៩ នាក់ ក្នុងនោះមានស្រី ៣២៣ នាក់ មកពី៨៧សញ្ជាតិផ្សេងៗ។ ភ្ញៀវទេសចរភាគច្រើនជាជនជាតិសហរដ្ឋអាមេរិក ដែលមានចំនួនរហូតដល់ ៤០០ នាក់។

នាវាមានបណ្តោយ ២១៦.៩៣ ម៉ែត្រ ទទឹង ៨៨.៨០ ម៉ែត្រ និងជំរៅទឹក ៧ ម៉ែត្រ។ នាវាមានក្រុមនាវិកចំនួន ៤៦៤ នាក់ ក្នុងនោះមាននាវិកស្រី ១០៨ នាក់។
ភ្ញៀវទេសចរបានមកទស្សនាតំបន់កំសាន្តបែបវប្បធម៌ សាសនា និងប្រពៃណីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្វែងយល់ពីការអភិវឌ្ឍន៍នានានៅក្នុងខេត្តព្រះសីហនុ។

នាវាបានមកពីប្រទេសវៀតណាម ហើយនឹងចាកចេញទៅប្រទេសថៃនៅថ្ងៃទី៣ ខែមេសា។ មន្ត្រីនគរបាលអន្តោរប្រវេសន៍បានសម្របសម្រួលជូនដល់ភ្ញៀវទេសចរលើឯកសារដើម្បីងាយស្រួលក្នុងការធ្វើដំណើរបន្ត។

ក្នុងឱកាសនេះ មានភ្ញៀវទេសចរចំនួន ១៤ នាក់ បានធ្វើដំណើរទៅទស្សនាក្រុងសៀមរាបផងដែរ។


