ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងចាត់វិធានការតឹងរឹងដើម្បីកំណត់ និងកាត់បន្ថយការប្រើប្រាស់សារធាតុគ្រោះថ្នាក់ក្នុងវិស័យសំណង់ ជាពិសេសសារធាតុអាសបេស្ដុស ដែលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានបញ្ជាក់ថា៖ “ក្រសួងយើងកំពុងធ្វើការងារយ៉ាងខ្លាំងក្លាដើម្បីកំណត់សារធាតុប្រើប្រាស់នៅក្នុងគ្រឿងបង្គុំសំណង់ និងសម្ភារៈសំណង់ដែលមានគ្រោះថ្នាក់ ដើម្បីកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ការនាំចូលទាំងស្រុង។”

សារធាតុអាសបេស្ដុស ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយក្នុងសម្ភារៈសំណង់ផ្សេងៗ រួមមាន៖ សម្ភារៈដំបូល ផលិតផលអាសបេស្ដុស-ស៊ីម៉ងត៌ សម្ភារៈអ៊ីសូឡង់ កម្រាល និងវាយនភ័ណ្ឌ។ ទោះបីជាសារធាតុនេះមានភាពធន់នឹងភ្លើង និងមានអាយុកាលយូរក៏ដោយ ក៏វាបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពមនុស្សនៅពេលចូលទៅក្នុងសួត។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរនៃសារធាតុនេះ ដោយលើកឡើងពីបទពិសោធន៍នៃប្រទេសអូស្ត្រាលី ដែលមានប្រជាជនប្រមាណ ៣,០០០ ទៅ ៤,០០០ នាក់បាត់បង់ជីវិតរៀងរាល់ឆ្នាំដោយសារសារធាតុអាសបេស្ដុស។

សិក្ខាសាលាពិគ្រោះយោបល់នេះ ដែលធ្វើឡើងនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ បានផ្តោតលើ “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” ដោយមានការចូលរួមពីអ្នកជំនាញទាំងក្នុង និងក្រៅប្រទេស។

ក្រសួងបានសន្យាថា នឹងបន្តធ្វើការងារយ៉ាងខ្លាំងក្លាដើម្បីធានាសុខុមាលភាពដល់ប្រជាជនទូទៅ និងការពារបរិស្ថាន ព្រមទាំងធានាដំណើរការសេដ្ឋកិច្ចនៅក្នុងវិស័យសំណង់ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅកម្ពុជា។

ដោយ៖ តារា



