ភ្នំពេញ៖ ហេតុការណ៍ថ្មីមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលរថយន្តម៉ាក MG បានបុករះម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយចំនួន ៣គ្រឿង ដែលកំពុងឈប់នៅចិញ្ចើមផ្លូវ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២:៤០នាទីរំលងអធ្រាត្រ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ៥១ កែងផ្លូវលេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ៤គ្រឿងបានឈប់នៅចិញ្ចើមផ្លូវ។ បន្ទាប់មក បុរសម្នាក់បានបើករថយន្តម៉ាក MG ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2CA-0004 បើករ៉េចង្កូតបុករះម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយចំនួន ៣គ្រឿង។

សំណាងល្អដែលមិនមានមនុស្សណាម្នាក់រងរបួសក្នុងហេតុការណ៍នេះ។ ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបានសងសំណងទៅភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉កអេតចាយទាំងបីចំនួន ២០០ដុល្លារ ដើម្បីបញ្ចប់រឿង។

អាជ្ញាធរមានសមត្ថកិច្ចបានចូលដោះស្រាយករណីនេះ និងជំរុញឱ្យអ្នកបើកបរទាំងអស់ប្រុងប្រយ័ត្ននៅលើផ្លូវជានិច្ច។
