ភ្នំពេញ – ចិនទំនងជានឹងបន្តដាក់បម្រាមលើការនាំចេញប្រេងឥន្ធនៈចម្រាញ់នៅខែមេសានេះ ប៉ុន្តែអាចធ្វើការលើកលែងជាកម្រិតមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលស្នើសុំជំនួយ។

ព័ត៌មាននេះត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធទី១ មេសា ដោយស្រង់សម្ដីពីប្រភពក្នុងឧស្សាហកម្មចំនួន៥នាក់ដែលសុំមិនបញ្ចេញឈ្មោះ។
ប្រភពចំនួន៣នាក់ក្នុងចំណោមនោះបានបញ្ជាក់ថា ការពិភាក្សាកំពុងដំណើរការសម្រាប់ការនាំចេញប្រេងម៉ាស៊ូត ប្រេងយន្តហោះ និងប្រេងសាំងក្នុងបរិមាណមានកំណត់ ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ដែលជាអតិថិជនរបស់ចិន។
ប្រភពចំនួន២នាក់បានប៉ាន់ប្រមាណថា ការនាំចេញដែលត្រូវបានអនុញ្ញាតអាចមានរហូតដល់១៥០,០០០តោន ខណៈប្រភពមួយរូបទៀតអះអាងថា បរិមាណនោះអាចដល់៣០០,០០០តោន។

ប្រភពបានបន្តថា ការលក់សម្រាប់ការនាំចេញភ្លាមៗដោយក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិននឹងនៅតែបន្តរងការហាមឃាត់ ខណៈប្រទេសដែលអាចទទួលបានប្រេងឥន្ធនៈពីចិន រួមមានបង់ក្លាដែស មីយ៉ាន់ម៉ា ស្រីលង្កា ម៉ាល់ឌីវ និងវៀតណាមជាដើម។
ប្រភព៣រូបបាននិយាយថា ការនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសទាំងនេះ នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុនរដ្ឋចិន។
គួរកត់សម្គាល់ថា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ផ្ទុះឡើងមក ប្រទេសមួយចំនួន រួមទាំងហ្វីលីពីន និងបង់ក្លាដែស បានស្នើសុំការផ្គត់ផ្គង់ប្រេងឥន្ធនៈពីចិន។ ចិនបាននិយាយថា ខ្លួនមានឆន្ទៈក្នុងការជួយអាស៊ីអាគ្នេយ៍ពាក់ព័ន្ធនឹងកង្វះខាតថាមពល។

ចិនបានដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូត សាំង និងប្រេងឥន្ធនៈយន្តហោះចាប់ពីថ្ងៃទី១២ ខែមីនា ប៉ុន្តែប្រេងឥន្ធនៈយន្តហោះសម្រាប់ជើងហោះហើរអន្តរជាតិ និងប្រេងកប៉ាល់ មិនត្រូវបានរាប់បញ្ចូលក្នុងវិធានការនោះទេ។
