ខេត្តកណ្ដាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការជួលអគារ ផ្ទះ និងកន្លែងស្នាក់នៅផ្សេងៗអោយជនបរទេស ដោយត្រូវពិនិត្យឯកសារឱ្យបានត្រឹមត្រូវ និងធ្វើកិច្ចសន្យាឱ្យច្បាស់លាស់មុនពេលជួល ដើម្បីជៀសវាងការផាកពិន័យ។

ក្នុងពិធីចែកវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន ៩ភូមិ សរុប ៤,៦៨២បណ្ណ នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន នាថ្ងៃទី០១ មេសា ២០២៦ លោកអភិបាលបានផ្សព្វផ្សាយពីបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា Scam online និងស្នើឱ្យប្រជាពលរដ្ឋសង្កេតអ្នកស្នាក់នៅជាក្រុមដែលមានភ្ជាប់ Internet ទំហំធំៗគួរឱ្យសង្ស័យ។
លោកអំពាវនាវឱ្យប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធដីធ្លីក្នុងភូមិទាំង ៩ នៃសង្កាត់ព្រែកជ្រៃ និងសំពៅពូន មកទទួលបណ្ណកម្មសិទ្ធិ(ប្លង់រឹង)នៅការិយាល័យច្រកចេញចូលតែមួយ សាលាក្រុងសំពៅពូន។ ការផ្ដល់បណ្ណនេះប្រជាពលរដ្ឋមិនត្រូវកាន់ឯកសាររត់ការទៅកន្លែងណាផ្សេងទេ ហើយមន្ត្រីនឹងសម្របសម្រួលឯកសារទាំងអស់ដោយមិនគិតលុយ។
លោកអភិបាលបានណែនាំមន្ត្រីសុរិយោដីឱ្យធានាថាបណ្ណកម្មសិទ្ធិទាំងអស់ត្រូវបានផ្ដល់ជូនដល់ម្ចាស់កម្មសិទ្ធិករគ្រប់គ្នា ហើយក្នុងករណីមានមន្ត្រីឱ្យឯកសារទៅប្រជាពលរដ្ឋដើម្បីរត់ការ សូមរាយការណ៍ជូនលោកផ្ទាល់ដើម្បីមានវិធានការដោះស្រាយទាន់ពេល។
