អគ្គលេខាធិការណាតូ លោក Mark Rutte នឹងជួបលោកត្រាំ ក្នុងពេលទំនាក់ទំនងអាមេរិក-អឺរ៉ុបរង្គោះរង្គើ

អគ្គលេខាធិការណាតូ លោក Mark Rutte នឹងជួបលោកត្រាំ ក្នុងពេលទំនាក់ទំនងអាមេរិក-អឺរ៉ុបរង្គោះរង្គើ

នៅសប្តាហ៍ក្រោយនេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។

ទំនាក់ទំនងអាមេរិក-អឺរ៉ុប

ចុះផ្សាយថ្ងៃទី២ខែមេសាឆ្នាំ២០២៦ Newsmax បានឲ្យដឹងថា ជំនួបនេះកើតឡើងចំពេលដែលទំនាក់ទំនងជិត៨០ឆ្នាំរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបកំពុងតែមានភាពរកាំរកូសខ្លាំង ដោយសារតែការខ្វែងគំនិតគ្នាលើបញ្ហាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។ កន្លងមក បណ្តាប្រទេសអឺរ៉ុបជាច្រើនបានបដិសេធចូលរួមជាមួយអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រតិបត្តិការយោធា ក៏ដូចជាការដាក់វិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងច្រកសមុទ្រហ័រមូស (Hormuz) ដែលចំណុចនេះបានធ្វើឲ្យរដ្ឋបាលលោកត្រាំ កើតក្ដីមិនសប្បាយចិត្តជាខ្លាំង។

លោក ដូណាល់ ត្រាំ តែងតែរិះគន់ចំៗទៅលើសមាជិកអង្គការណាតូណា ដែលមិនព្រមបង្កើនកញ្ចប់ថវិកាការពារជាតិឲ្យបានគ្រប់គ្រាន់តាមគោលការណ៍របស់អាមេរិក។ ទោះបីជាកន្លងមក លោកត្រាំ និងលោក Rutte ធ្លាប់មានទំនាក់ទំនងផ្ទាល់ខ្លួនល្អ និងចាត់ទុកគ្នាជាអ្នកនយោបាយដែលមានភាពជាក់ស្តែងនិយមក៏ដោយ ប៉ុន្តែពេលនេះភាពតានតឹងបានកើនឡើងដល់ចំណុចកំពូល។ លោកត្រាំ កំពុងតែដាក់សំណួរយ៉ាងធ្ងន់ៗថា តើអង្គការណាតូ នៅតែផ្ដល់ផលប្រយោជន៍ដល់សហរដ្ឋអាមេរិកទៀតដែរឬទេ បើទោះជាក្នុងគ្រាអាសន្ននៅមជ្ឈិមបូព៌ា សម្ព័ន្ធមិត្តទាំងនោះបែរជាមិនព្រមចេញមុខជួយជ្រោមជ្រែងអាមេរិកបែបនេះ។

សូមជម្រាបថា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចេញមុខបង្ហើបថា សហរដ្ឋអាមេរិកប្រហែលជាត្រូវពិចារណាឡើងវិញអំពីតម្លៃ និងអត្ថប្រយោជន៍នៃបក្សសម្ព័ន្ធយោធាណាតូ នៅពេលដែលសង្រ្គាមជាមួយអ៊ីរ៉ង់ត្រូវបានបញ្ចប់។ លោក Rubio បានលើកឡើងដោយមានចម្ងល់ថា នៅពេលដែលអាមេរិកត្រូវការប្រើប្រាស់មូលដ្ឋានទ័ព ឬសុំបើកផ្លូវលើដែនអាកាសពីប្រទេសសមាជិកណាតូផ្សេងទៀតដើម្បីធ្វើប្រតិបត្តិការយោធា បែរជាត្រូវបានគេឆ្លើយថា «ទេ»។ លោកបានសង្កត់ធ្ងន់ថា បើស្ថានការណ៍នៅតែបែបនេះ តើអាមេរិកបន្តស្ថិតក្នុងបក្សសម្ព័ន្ធណាតូ ដើម្បីអ្វីទៀត? លោកចាត់ទុកថា ទំនាក់ទំនងនេះហាក់ដូចជា «ផ្លូវដែលមានតែមួយខ្សែ» ពោលគឺមានតែអាមេរិកដែលជួយគេ ប៉ុន្តែដល់ពេលអាមេរិកត្រូវការជំនួយវិញ បែរជាគ្មានអ្នកណាមកជួយទៅវិញ៕

administrator

Related Articles