ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើសន្ទរកថាសំខាន់នៅសេតវិមាន ដោយបញ្ជាក់ថា សហរដ្ឋអាមេរិកមិនពឹងផ្អែកលើប្រេងឥន្ធនៈពីមជ្ឈិមបូព៌ាទៀតហើយ។

ក្នុងសន្ទរកថានៅថ្ងៃព្រហស្បតិ៍ទី២ ខែមេសា លោកត្រាំបានអះអាងយ៉ាងខ្លាំងក្លា៖ “ប្រទេសណាដែលត្រូវការប្រេងពីតំបន់ឈូងសមុទ្រ គួរតែចេញមុខជួយបើកច្រកសមុទ្រ Hormuz ដោយខ្លួនឯង។ សូមក្លាហានបន្តិចទៅ ចូលទៅកាន់កាប់និងការពារវា!”
សន្ទរកថានេះបានធ្វើឡើងក្នុងពេលដែលច្រកសមុទ្រ Hormuz ត្រូវបិទជាស្ថាពរចាប់តាំងពីថ្ងៃទី២៨ កុម្ភៈ ក្រោយពីអ៊ីរ៉ង់តបតទៅនឹងការវាយប្រហារតាមអាកាសរបស់អាមេរិកនិងអ៊ីស្រាអែល។
លោកត្រាំបានអំពាវនាវឱ្យប្រទេសនានាងាកមកទិញប្រេងពីអាមេរិកជំនួសវិញ ដោយលើកឡើងថា អាមេរិកមានប្រភពប្រេងគ្រប់គ្រាន់ រួមទាំងការនាំចូលពីវេណេស៊ុយអេឡាផងដែរ។

ទោះបីជាយ៉ាងណា សម្ដីលោកត្រាំហាក់ដូចជាមិនជួយសម្រាលការបារម្ភរបស់ទីផ្សារប្រេងពិភពលោកទេ បែរជារុញឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ទៅវិញ។
តម្លៃប្រេងឆៅ Brent បានកើនឡើង ៤% ដល់ ១០៥,៣៨ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីសន្ទរកថារបស់លោកត្រាំ។ នេះគឺជាការកើនឡើងយ៉ាងខ្លាំងពីតម្លៃប្រហែល ១០០ ដុល្លារមុនសន្ទរកថា។
អ្នកវិភាគជឿថា សម្ដីរបស់លោកត្រាំអាចធ្វើឱ្យស្ថានភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរឡើង និងប៉ះពាល់ដល់សន្តិសុខឥន្ធនៈពិភពលោក។
