អ៊ីរ៉ង់ចាក់ទឹកក្តៅទៅលោកត្រាំ៖ «ច្រក Hormuz បើកវិញ តែមិនសម្រាប់អាមេរិក»

អ៊ីរ៉ង់ចាក់ទឹកក្តៅទៅលោកត្រាំ៖ «ច្រក Hormuz បើកវិញ តែមិនសម្រាប់អាមេរិក»

ស្របពេលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា និងការបិទច្រកសមុទ្រ Hormuz នោះ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់បានបោះសម្តីទៅប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា ច្រកនេះគង់តែបើកវិញទេ ប៉ុន្តែមិនមែនសម្រាប់អាមេរិកឡើយ។

ការបិទច្រក Hormuz

ក្នុងសារបង្ហោះលើបណ្តាញសង្គម X និងត្រូវបានយកមកផ្សាយដោយ BBC នៅថ្ងៃពុធទី១ ខែមេសា ឆ្នាំ២០២៦ ប្រធានគណៈកម្មាធិការសន្តិសុខជាតិសភាអ៊ីរ៉ង់ លោក Ebrahim Azizi សរសេរថា៖ «ច្រក Hormuz គង់តែបើកឡើងវិញទេ ប៉ុន្តែមិនមែនសម្រាប់អ្នកឡើយ គឺវាសម្រាប់តែអ្នកណាដែលគោរពតាមច្បាប់ថ្មីរបស់អ៊ីរ៉ង់ប៉ុណ្ណោះ។ ការទទួលបដិសណ្ឋារកិច្ចរយៈពេល៤៧ឆ្នាំ បានបញ្ចប់ជារៀងរហូតហើយ»។

ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់រូបនេះក៏ផ្លែផ្កាទៅប្រធានាធិបតីអាមេរិកដែរថា៖ «ទីបំផុត ក្តីសុបិនរបស់លោកត្រាំ ក្នុងការផ្លាស់ប្តូររបបបានក្លាយជាការពិតហើយ ប៉ុន្តែនោះគឺផ្លាស់ប្តូររបបដែនសមុទ្រនៅក្នុងតំបន់ទៅវិញទេ!»។

លោកដូណាល់ ត្រាំ

ការបង្ហោះសាររបស់លោក Azizi កើតឡើងបន្ទាប់ពីគណៈកម្មាធិការសន្តិសុខជាតិអ៊ីរ៉ង់បានអនុម័តផែនការយកពន្ធលើនាវាទាំងឡាយណាដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz។

យ៉ាងណា លោកត្រាំប្រកាសមុននេះថា អាមេរិកលែងខ្វល់រឿងបើកច្រក Hormuz ទៀតហើយ និងថែមទាំងប្រាប់សម្ព័ន្ធមិត្តឲ្យចូលទៅយកប្រេងដោយខ្លួនឯងទៅ។

យោងតាម Al Jazeera និង Euro.News ផ្សាយថ្ងៃទី៣១ខែមីនា លោកត្រាំបង្ហោះលើ Truth Social ថា៖ «ពួកអ្នកនឹងត្រូវចាប់ផ្តើមរៀនពីរបៀបតស៊ូដើម្បីខ្លួនឯង សហរដ្ឋអាមេរិកនឹងមិននៅទីនោះដើម្បីជួយអ្នកទៀតទេ ដូចជាពួកអ្នកមិននៅទីនោះសម្រាប់យើងដែរ។ អ៊ីរ៉ង់ត្រូវបានបំផ្លិចបំផ្លាញយ៉ាងខ្លាំងហើយ។ សូមទៅយកប្រេងរបស់អ្នកដោយខ្លួនឯងទៅ។ ពួកគេគួរតែទៅទិញប្រេងឥន្ធនៈពីសហរដ្ឋអាមេរិក ព្រោះយើងមានច្រើនណាស់»។

ការអត្ថាធិប្បាយរបស់លោកត្រាំបានកើតឡើងចំថ្ងៃដែលតម្លៃប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិកកើនដល់កម្រិតខ្ពស់បំផុតជាលើកដំបូង ចាប់តាំងពីឆ្នាំ២០២២មក។

administrator

Related Articles