
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបង្ហាញថា ប្រមាណ៩៦%នៃបទល្មើសទាំងអស់ដែលកើតឡើងនៅក្នុងរាជធានី ត្រូវបានកម្លាំងមានសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួន និងដាក់ទោសទៅតាមច្បាប់។

សមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះត្រូវបានលោកអភិបាលបង្ហាញក្នុងកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី០២ មេសា ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយសុវត្ថិភាព។

លោក ប៊ុន ហុន បានអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដោយបញ្ជាក់ថា៖ “ជនបង្កបទល្មើសនៅភ្នំពេញកម្រនឹងគេចខ្លួនបានជោគជ័យណាស់។ ការឈានដល់ការបង្ក្រាបបទល្មើសបានលឿន និងស្ទើរតែ១០០%នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំង ព្រមទាំងការជួយពីកាំម៉េរ៉ាសុវត្ថិភាព។”

លោករដ្ឋលេខាធិការបានបន្តថា៖ “ទោះបីជាភ្នំពេញមានប្រជាពលរដ្ឋចេញចូលស្នាក់នៅច្រើន និងមានភាពស្មុគស្មាញក៏ដោយ ក៏អាជ្ញាធរនៅតែរក្សានិងគ្រប់គ្រងរាជធានីបានយ៉ាងល្អប្រសើរ ជាទីក្រុងដែលមានសុវត្ថិភាពបំផុត និងល្អជាងគេបើប្រៀបធៀបជាមួយទីក្រុងផ្សេងៗនៅលើពិភពលោក។”

លោក ឃួង ស្រេង បានពន្យល់បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកំពុងអនុវត្តគោលនយោបាយសុវត្ថិភាពយ៉ាងសកម្ម រួមមានការបង្ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស និងពិសេសការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)។

ជាក់ស្ដែងក្នុងឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីបានបង្ល្រាបបទល្មើសព្រហ្មទណ្ឌចំនួន៤៦៣ករណីក្នុងចំណោម៤៧៣ករណី ដែលថយចុះជាង១០ករណី និងបានឃាត់ខ្លួនមនុស្សចំនួន៦១៧នាក់។

សម្រាប់ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចាប់ពីខែកក្កដា២០២៥ដល់ខែមីនា២០២៦ គណៈកម្មការបានចុះពិនិត្យរដ្ឋបាល១២,៤៣២ទីតាំង រកឃើញជនបរទេស៩២,៩៥០នាក់ និងបានឃាត់ខ្លួនមនុស្ស២,២៨៤នាក់ក្នុងករណីឆបោកអនឡាញ១២១ករណី។

ទោះបីជាមានសមិទ្ធផលល្អក៏ដោយ លោកអភិបាលបានទទួលស្គាល់ថា នៅមានចំណុចខ្វះខាតខ្លះដែលត្រូវបំពេញបន្ថែម ដើម្បីធ្វើឱ្យការអនុវត្តគោលនយោបាយសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ជាងមុន។
ដោយ៖ សំរិត
