សៀមរាប៖ សិល្បៈចម្លាក់ថ្មដ៏មានតម្លៃដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ កំពុងប្រឈមនឹងគ្រោះថ្នាក់នៃការបាត់បង់ ដោយសារយុវជនចង់រៀនយកធ្វើជាអាជីពមានចំនួនតិចតួចណាស់។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរជាតិអប្សរា កំពុងខិតខំប្រឹងប្រែងជួយជ្រោមជ្រែងដល់សិល្បៈចម្លាក់ថ្មនៅភូមិធម្មជាតិរុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ដើម្បីឱ្យសិប្បករអាចប្រកបអាជីពរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ និងបង្ហាត់បង្រៀនដល់យុវជននៅទីនោះ។

លោក សេក សេន ម្ចាស់សិប្បកម្មចម្លាក់ថ្ម ដែលបានរៀនជំនាញនេះពីសាលាសិល្បៈ Artisans Angkor ក្នុងខេត្តសៀមរាបតាំងពី ២០ឆ្នាំមុន បានចេះជំនាញឆ្លាក់ថ្មនិងឈើជាច្រើន រួមមានក្បាច់ផ្កា ភ្ញី រូបសត្វ រូបអប្សរា និងរូបអាទិទេពតាមទម្រង់ក្បួនបុរាណរបស់បុព្វបុរសខ្មែរ។

“ក្រោមការជួយជ្រោមជ្រែងពីក្រសួងវប្បធម៌ ខ្ញុំពេញចិត្តយ៉ាងខ្លាំងក្នុងការជួយបង្រៀនជំនាញដាប់ឆ្លាក់ថ្មដល់យុវជនជំនាន់ថ្មីនេះ” លោក សេក សេន បានថា។

លោក សេក គីន ជាយុវជនម្នាក់ដែលបានចូលរៀនជំនាញដាប់ឆ្លាក់ថ្មរយៈពេល៦ខែមកហើយ បានចេះឆ្លាក់រូបសត្វនិងក្បាច់ផ្សេងៗខ្លះៗនៅលើថ្ម។ លោកថា ជំនាញនេះនឹងធ្វើឱ្យលោកមានចំណេះពិតប្រាកដ និងអាចរកប្រាក់កម្រៃជួយដល់ជីវភាពគ្រួសារបានល្អជាងការងារសំណង់។

ទោះបីជាមានការគាំទ្រពីអាជ្ញាធរជាតិអប្សរារយៈពេល៣ឆ្នាំទៅមុខទៀតក៏ដោយ ក៏មានយុវជនតិចតួចបានទៅរៀននិងចាប់យកជំនាញនេះនៅឡើយ។

អាជ្ញាធរជាតិអប្សរាបានចាត់ទុកថា សិល្បៈចម្លាក់ថ្មគឺជាសម្បត្តិបេតិកភណ្ឌអរូបីដ៏មានតម្លៃមួយក្នុងចំណោមសម្បត្តិបេតិកភណ្ឌអរូបីជាច្រើនទៀត ដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។

លោក សេក សេន សំណូមពរឱ្យយុវជនជាច្រើន គួរតែចូលមករៀនជំនាញដាប់ឆ្លាក់ថ្មនេះ ពីព្រោះវាប្រសើរជាងការយកពេលវេលាទៅចំណាយធ្វើរឿងអ្វីមួយដែលគ្មានប្រយោជន៍។

សិល្បៈចម្លាក់ថ្មនេះគឺជាមរតកវប្បធម៌អរូបីដ៏មានតម្លៃដែលត្រូវការការពារ និងបន្តឱ្យគង់វង្សដោយយុវជនជំនាន់ថ្មី ដើម្បីកុំឱ្យសិល្បៈដ៏ឧត្តុង្គឧត្តមនេះបាត់បង់ទៅជារៀងរហូត។

អត្ថបទសរសេរដោយ ច័ន្ទ រស្មី | កែសម្រួលដោយ ធីតា
