ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ប្រទេសចំនួន៣៥បានរួមប្រជុំគ្នាតាមវីដេអូខេនហ្វេរេន ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខនៅច្រកសមុទ្រហើមូស ដែលត្រូវបានបិទខ្ទប់អស់ពេលជាង១ខែមកហើយ។

ប្រទេសទាំងនោះមានការព្រួយបារម្ភចំពោះការបិទខ្ទប់ច្រកសមុទ្រហើមូស ដោយសារការរួមដៃគ្នារបស់អាមេរិកនិងអ៉ីស្រាអែលវាយប្រហារអ៉ីរ៉ង់។ ដើម្បីឆ្លើយតបចំពោះការបិទខ្ទប់ច្រកសមុទ្រនោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី YVETTE COOPER បានរៀបចំធ្វើនាថ្ងៃទី២មេសា វីដេអូខេនហ្វេរេនជាមួយប្រទេស៣៥ ដើម្បីលើកឡើងពីកិច្ចការពារសន្តិសុខច្រកសមុទ្រហើមូស។
នាយករដ្ឋមន្ត្រីអង់គ្លេស លោកកៀរស្តាម័រ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី២មេសា ថា៖ “អង់គ្លេសនាពេលនេះបានប្រមូលប្រទេស៣៥មកពិភាក្សាគ្នា ពីបំណងបង្កើតរណសិរ្សរួមមួយ សម្រាប់ការពារសន្តិសុខសមុទ្រក្នុងតំបន់ឈូងសមុទ្រពែរ្ស។”
លោកបន្តថា៖ “ក្នុងឱកាសនៃកិច្ចប្រជុំនេះ យើងនឹងធ្វើការវាយតម្លៃលើរាល់វិធានការការទូត និងនយោបាយប្រាកដប្រជា ដែលយើងអាចចាត់ដើម្បីស្ដារឡើងវិញសេរីភាពនៃការធ្វើនាវាចរណ៍ និងការធានាសន្តិសុខបណ្ដានាវា និងកងនាវិកដែលជាប់គាំង ហើយធ្វើឲ្យបណ្ដាទំនិញដែលសំខាន់អាចធ្វើចរាចរណ៍ឡើងវិញបាន។”

កិច្ចប្រជុំនេះកើតឡើងក្នុងពេលដែលច្រកសមុទ្រហើមូស ដែលជាច្រកសមុទ្រសំខាន់សម្រាប់ការដឹកជញ្ជូនប្រេងកាតពិភពលោក ត្រូវបានបិទខ្ទប់អស់ពេលជាង១ខែមកហើយ ដោយសារភាពតានតឹងកើនឡើងនៅតំបន់ឈូងសមុទ្រពែរ្ស។
អត្ថបទសរសេរដោយ៖ ខាន់ សុខឃន
កែសម្រួលដោយ៖ ស្រីណា
