ខេត្តកណ្តាល៖ បុរសម្នាក់ដែលជាប្តី និងមានសារធាតុញៀនក្នុងទឹកនោម ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាវាយដំប្រពន្ធរបស់ខ្លួនយ៉ាងចាស់ដៃ បណ្តាលឲ្យរងរបួសជាទម្ងន់។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី៣១ មីនា ២០២៦ នៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្រោយពីជនបង្កបានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី៣០ មីនា។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះ បេ គន្ធា អាយុ ៣៩ឆ្នាំ មានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន រស់នៅភូមិតាឡឹក ឃុំត្រពាំងវែង។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានកាំបិតខ្វាងផ្លែដែកដងដែកប្រវែង ៦៨សង់ទីម៉ែត្រ ១ដើម និងដំបងឈើមែកបែកជា៣ប្រវែង ៤២សង់ទីម៉ែត្រ ១ដើម។

ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ផុន ដាវី អាយុ ៣៨ឆ្នាំ រងរបួសយ៉ាងដំណំចំស្មាខាងស្តាំ ក្បាលជង្គង់ និងខ្នងជើងទាំងសងខាង។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី៣០ មីនា វេលាម៉ោង ១៦:៣០នាទី ជនរងគ្រោះ និងជនសង្ស័យបានទៅចូលរួមមង្គលការប្អូនស្រីនៅភូមិក្រាំងឈើនាង ឃុំត្បែង។ លុះដល់ម៉ោង ២២:១០នាទី ក្រោយពីជួយរាប់លុយចំណងដៃរួច ជនសង្ស័យបានហៅប្រពន្ធត្រឡប់មកផ្ទះវិញ និងបានចោទប្រកាន់ថានាងមានប្រុសសាហាយ។
ភ្លាមនោះ ទោះបីជាជនរងគ្រោះព្យាយាមពន្យល់ពីភាពស្មោះត្រង់យ៉ាងណាក៏ដោយ ក៏ជនសង្ស័យមិនស្តាប់ រួចបានស្ទុះទៅច្របាច់ក និងទះកំផ្លៀងនាងតែម្តង។ ឃើញដូចនោះ កូនស្រីអាយុ ១៤ឆ្នាំ បានចូលមកជួយឃាត់ តែជនបង្កមិនព្រមស្តាប់ ថែមទាំងគំរាមថាមិនខ្វល់រឿងជាប់គុកនោះឡើយ សុំត្រឹមតែបានវាយប្រពន្ធប៉ុណ្ណោះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ពេលនោះជនសង្ស័យបានទាញដំបងឈើមកវាយ និងយកកាំបិតខ្វាងមកគំរាមកាប់ ប៉ុន្តែដោយសារជនរងគ្រោះអង្វរ ទើបគេដាក់កាំបិតចុះ រួចបន្តយកដំបងឈើវាយថែមទៀតរហូតរងរបួសជាទម្ងន់។
បន្ទាប់មក ជនរងគ្រោះបានរត់ទៅពឹងម្តាយក្មេក និងបងថ្លៃឲ្យជួយ និងទូរស័ព្ទហៅប្អូនស្រីឲ្យបញ្ជូនទៅមន្ទីរពេទ្យ។ រហូតដល់ថ្ងៃទី៣១ មីនា ទើបនាងសម្រេចចិត្តដាក់ពាក្យបណ្តឹង ដើម្បីឲ្យផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះស្រាវជ្រាវឃាត់ខ្លួន។
គួររំលឹកផងដែរថា កន្លងមកជនសង្ស័យដែលស្ថិតក្រោមឥទ្ធិពលគ្រឿងញៀនរូបនេះ តែងតែរករឿង និងធ្លាប់វាយប្រពន្ធបណ្តាលឲ្យបែកឆ្អឹងស្មាខាងឆ្វេងម្តងរួចមកហើយ ព្រមទាំងឧស្សាហ៍វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះថែមទៀតផង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
