រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេស២០នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន។

ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២០:៣០នាទី ដោយបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។

តាមព័ត៌មានបានឲ្យដឹងថា កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងលួចលាក់នេះ។ ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប២០នាក់ ក្នុងនោះមានជនជាតិចិន១៩នាក់ និងជនជាតិគីជីស្ថាន១នាក់។

កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន រួមមាន All in one មួយចំនួន ទូរស័ព្ទដៃ និងស៊ីមកាតអន្តរជាតិ។ ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ប្រតិបត្តិការនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

