ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ បានចេញដីការសម្រេចឃុំខ្លួនឧក្រិដ្ឋជនជាមេក្លោងចំនួន ១៨ នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ឧក្រិដ្ឋជនទាំង ១៨ នាក់នេះ រួមមាន ជនជាតិចិន ១៤ នាក់, ជនជាតិម៉ាឡេស៊ី ០២ នាក់, ជនជាតិមីយ៉ាន់ម៉ា ០១ នាក់ (ស្រី) និងខ្មែរ ០១ នាក់ (ស្រី)។ ពួកគេត្រូវបានចោទប្រកាន់ពីបទ “ឆបោកមានស្ថានទម្ងន់ទោស” (ជាក្រុមមានអង្គការចាត់តាំង) តាមមាត្រា ៣៧៧ និង ៣៨០ ចំណុច ៥ នៃក្រមព្រហ្មទណ្ឌ។

ក្រុមឧក្រិដ្ឋជនទាំងនេះត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បើកប្រតិបត្តិការចុះបង្ក្រាបនៅសណ្ឋាគារ ជីនបៀនមេនឌូ ក្នុងខណ្ឌសែនសុខ។

ក្រោយការបង្ក្រាប មន្ត្រីសមត្ថកិច្ចបានរកឃើញថា ក្រុមឧក្រិដ្ឋជនបានប្រើប្រាស់កម្ពុជាជាទីលួចជ្រកកោន ហើយប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពអូសទាញជនរងគ្រោះឲ្យដាក់ប្រាក់វិនិយោគក្លែងក្លាយ (Investment Scams) ដែលមានគោលដៅទៅប្រទេសម៉ាឡេស៊ី។

សំណុំរឿងនេះត្រូវបានបញ្ចូនទៅបើកការស៊ើបសួរតាមនីតិវិធីដើម្បីសាកសួរសាក្សី និងប្រមូលភស្តុតាងបន្ថែម។ ការឃុំខ្លួននេះធ្វើឡើងក្រោយពីមានការស៊ើបអង្កេតយូរមកហើយ ដោយឧក្រិដ្ឋកម្មនេះត្រូវបានប្រព្រឹត្តិតាំងពីឆ្នាំ ២០០៣ រហូតដល់ខែមីនា ឆ្នាំ ២០២៦។
