ភ្នំពេញ៖ ក្នុងយុគសម័យឌីជីថលដែលប្រព័ន្ធផ្សព្វផ្សាយទំនើបកំពុងគ្របដណ្តប់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានបង្ហាញពីការប្រែប្រួលគួរឱ្យកត់សម្គាល់មួយ។ ប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្តូរឥរិយាបថទទួលព័ត៌មានពីការជឿលើបណ្តាញសង្គម Facebook ទៅការជឿជាក់លើប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។

ការលើកទឹកចិត្តនេះត្រូវបានលោករដ្ឋមន្ត្រីផ្តល់ឱ្យក្នុងឱកាសជួបសំណេះសំណាលជាមួយតំណាងស្ថានីយ៍វិទ្យុ FM ឯកជន នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦។ លោកបានណែនាំឱ្យម្ចាស់ស្ថានីយ៍វិទ្យុពង្រឹងគុណភាពខ្លឹមសារព័ត៌មាន និងកម្មវិធីវិទ្យុឱ្យសម្បូរបែប មានខ្លឹមសារល្អ និងមានសុវត្ថិភាព ដើម្បីទាក់ទាញអ្នកស្តាប់នៅក្នុងយុគសម័យឌីជីថល។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយទំនើបបានធ្វើឱ្យចំណូលរបស់ប្រព័ន្ធផ្សព្វផ្សាយបុរាណធ្លាក់ចុះ ដែលជាបញ្ហាទូទៅនៅតាមបណ្តាប្រទេសផ្សេងៗទាំងអស់។ បច្ចេកវិទ្យាបានបែងចែកប្រព័ន្ធផ្សព្វផ្សាយជាពីរប្រភេទ៖ បុរាណ (វិទ្យុ ទូរទស្សន៍ កាសែត) និងទំនើប (ហ្វេសប៊ុក តិកតុក យូធូប)។

“បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបដើរតួនាទីសំខាន់ ក៏ប្រព័ន្ធផ្សព្វផ្សាយបុរាណនៅតែមានតម្លៃខ្ពស់ក្នុងការផ្តល់ព័ត៌មានពិត ជាពិសេសនៅក្នុងស្ថានភាពឈ្លានពានរបស់ថៃមកលើកម្ពុជា” លោករដ្ឋមន្ត្រីបានថ្លែង។

លោកបានបន្តថា វិទ្យុជាប្រព័ន្ធផ្សព្វផ្សាយបុរាណដែលនៅតែមានតម្លៃខ្ពស់ និងអាចផ្តល់ព័ត៌មានគ្រប់ទីកន្លែង។ ការផ្លាស់ប្តូរឥរិយាបថនេះបង្ហាញថា ប្រជាពលរដ្ឋនៅតែមានជំនឿលើប្រព័ន្ធផ្សព្វផ្សាយវិជ្ជាជីវៈ ដែលនៅតែដើរតួនាទីសំខាន់ក្នុងជីវិតប្រចាំថ្ងៃ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា វិទ្យុនៅតែជាមូលដ្ឋានគ្រឹះក្នុងការផ្តល់ព័ត៌មានដល់មហាជន ដោយសារប្រព័ន្ធផ្សព្វផ្សាយទំនើបមួយចំនួនមិនបានផ្តល់ការជឿជាក់គ្រប់គ្រាន់។ ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែកែប្រែទៅតាមយុគសម័យថ្មី បើមិនដូច្នោះទេនឹងជួបការលំបាកក្នុងការប្រកួតប្រជែង។
ដោយ៖ តារា
