អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ រីយ៉ាបកូវ (Sergei Ryabkov) បានបញ្ជាក់យ៉ាងច្បាស់ថា រុស្ស៊ីប្រឆាំងយ៉ាងខ្លាំងនឹងគំនិតរុះរើសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) ដែលជាសន្ធិសញ្ញាសំខាន់ក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរពីមួយប្រទេសទៅមួយប្រទេស។

ក្នុងសេចក្តីថ្លែងការណ៍ដាក់ជូនទីភ្នាក់ងារព័ត៌មាន TASS នៅថ្ងៃទី១ មេសា លោក រីយ៉ាបកូវ បានសង្កត់ធ្ងន់ថា៖ «យើងពិតជាមិនគាំទ្រការលុបបំបាត់ NPT ទេ។ ជំហានបែបនេះនឹងជាការសមេ្រចដែលមិនសមហេតុផល និងផ្ទុយទាំងស្រុងនឹងគោលនយោបាយរបស់យើងក្នុងការពង្រឹងសន្តិសុខអន្តរជាតិ។ យើងគាំទ្រការខិតខំប្រឹងប្រែងដើម្បីពង្រីកចំនួនរដ្ឋជាសមាជិកសន្ធិសញ្ញា»។
ការអត្ថាធិប្បាយរបស់អនុរដ្ឋមន្ត្រីរុស្ស៊ីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងពីអ្នកនយោបាយអ៊ីរ៉ង់ លោក Alaeddin Boroujerdi ដែលជាសមាជិកគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសអ៊ីរ៉ង់ ដែលបានស្នើឲ្យអ៊ីរ៉ង់ពិចារណាដកខ្លួនចេញពីសន្ធិសញ្ញា NPT។

លោក រីយ៉ាបកូវ បានព្រមានថា៖ «យើងកំពុងឃើញការវាយប្រហារជាបន្តបន្ទាប់លើយន្តការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលត្រូវបានចាត់ទុកថាមិនអាចរង្គោះរង្គើបាន។ ការវិវត្តនៃជម្លោះរវាងអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងធ្វើឲ្យចុះខ្សោយគោលការណ៍ស្នូលនៃរចនាសម្ព័ន្ធសន្តិសុខអន្តរជាតិ»។
អ្នកការទូតរុស្ស៊ីបានចង្អុលបង្ហាញថា ប្រទេសមួយក្នុងចំណោមអាមេរិក និងអ៊ីស្រាអែល មិនមែនជាសមាជិក NPT ទេ ខណៈដែលប្រទេសមួយទៀតជាអ្នករក្សាសន្ធិសញ្ញា។ ការវិវត្តថ្មីៗនៅក្នុងតំបន់នេះត្រូវបានគេពិពណ៌នាថា «គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង»។

សន្ធិសញ្ញា NPT ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ១៩៦៨ គឺជាសន្ធិសញ្ញាអន្តរជាតិសំខាន់បំផុតមួយក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដោយមានរដ្ឋសមាជិកជាង ១៩០ ប្រទេស។ ការពិចារណាដកខ្លួនចេញពីសន្ធិសញ្ញានេះអាចនាំឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខអន្តរជាតិ។
