ខណៈសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាកំពុងអូសបន្លាយចូលខែទី២ ធ្វើឱ្យតម្លៃប្រេងកើនឡើងខ្ពស់ជាបន្តបន្ទាប់ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ បានប្រកាសថា ជប៉ុន និងបារាំងបានព្រមព្រៀងគ្នាធ្វើជាអ្នកសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញឱ្យភាគីសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់បញ្ចប់សង្រ្គាម និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។

យោងតាមភ្នាក់ងាររ៉យទ័រផ្សាយថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ លោកស្រី តាកាអ៊ិឈិ បានលើកឡើងថា បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង នៅទីក្រុងតូក្យូ ស្តីពីចំណងមិត្តភាពសន្តិសុខ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្ម ជប៉ុននិងបារាំងត្រូវតែរកដំណោះស្រាយមួយឱ្យសមស្រប។
នាយករដ្ឋមន្ត្រីជប៉ុនបន្តថា៖ «ដោយសារតែស្ថានភាពអន្តរជាតិប្រឈមខ្លាំង! ខ្ញុំជឿថារឿងនេះមានសារៈសំខាន់យ៉ាងខ្លាំង ចំពោះមេដឹកនាំជប៉ុននិងបារាំង ក្នុងការពង្រឹងចំណងមិត្តភាពផ្ទាល់ខ្លួន និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែរឹងមាំ»។

ដោយសារជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្នឈានដល់សប្តាហ៍ទី៥ ហើយ ចំណែកប្រទេសជប៉ុន បារាំង ក៏ដូចជាប្រទេសដទៃទៀត កំពុងតស៊ូជាមួយនឹងការកើនឡើងនៃតម្លៃថាមពលខ្ពស់។
គួរបញ្ជាក់ថា ប្រទេសជប៉ុនជាធម្មតាទទួលប្រេងប្រហែល ៩០% ពីមជ្ឈិមបូព៌ា តែចាប់តាំងពីសង្រ្គាមកើតឡើង ប្រទេសនេះចាប់ផ្តើមទាញយកប្រេងបម្រុងមកប្រើប្រាស់ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃសេដ្ឋកិច្ចជាតិ។
ថ្លែងជាមួយលោកស្រី តាកាអ៊ិឈិ ប្រធានាធិបតីបារាំង លោក ម៉ាក្រុង និយាយថា លោកបានចែករំលែកជំហររបស់មេដឹកនាំជប៉ុនលើតម្រូវការស្តារសេរីភាពនៃការធ្វើនាវាចរណ៍ក្នុងច្រកសមុទ្រ Hormuz ។

មិនតែប៉ុណ្ណោះ ប្រទេសបារាំងបានធ្វើកិច្ចពិភាក្សាជាមួយប្រទេសជាច្រើន ខណៈខ្លួនកំពុងស្វែងរកសំណើសម្រាប់បេសកកម្ម ដើម្បីបើកផ្លូវទឹកនេះឡើងវិញ ពេលដែលជម្លោះបញ្ចប់។
ចំណែកប្រទេសជប៉ុននិយាយថា ខ្លួនអាចពិចារណាបញ្ជូនយន្តហោះបោសសម្អាតមីន ទោះបីជាវិសាលភាពនៃតួនាទីណាមួយនឹងត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ប្រទេសខ្លួនក៏ដោយ៕
ប្រែសម្រួល៖ ណឺ មិនា
