
ភ្នំពេញ – លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) បានបញ្ជាក់យ៉ាងច្បាស់ថា ក្រុមជម្រើសជាតិអ៊ីរ៉ង់នឹងចូលរួមក្នុងព្រឹត្តិការណ៍ World Cup 2026 និងប្រកួតតាមកាលវិភាគដែលបានកំណត់ទៅតាមលទ្ធផលចាប់ឆ្នោត។
ការបញ្ជាក់នេះមកបន្ទាប់ពីលោក Infantino បានជួបផ្ទាល់ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់នៅទីក្រុង Antalya ប្រទេសតួកគីយ៉េ ដែលជាការទំនាក់ទំនងលើកដំបូងរបស់លោកជាមួយក្រុមអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងទៅ។

ក្នុងពេលសម្រាកការប្រកួតមិត្តភាពរវាងអ៊ីរ៉ង់ និងកូស្តារីកា លោក Infantino បានថ្លែងថា៖ “អ៊ីរ៉ង់នឹងចូលរួមព្រឹត្តិការណ៍ World Cup ហើយនោះជាមូលហេតុដែលយើងនៅទីនេះ។ យើងរីករាយណាស់ ព្រោះពួកគេជាក្រុមដ៏រឹងមាំមួយ។”
លោកបានបន្ថែមថា៖ “ខ្ញុំបានឃើញក្រុមអ៊ីរ៉ង់ ខ្ញុំបាននិយាយជាមួយកីឡាករ និងគ្រូបង្វឹក ដូច្នេះអ្វីៗគឺល្អ។ ការប្រកួតរបស់អ៊ីរ៉ង់នឹងត្រូវលេងនៅកីឡដ្ឋានដែលពួកគេគួរលេង ទៅតាមលទ្ធផលនៃការចាប់ឆ្នោត។”
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានស្នើសុំផ្លាស់ប្តូរទីតាំងការប្រកួត World Cup របស់ខ្លួនចេញពីទឹកដីសហរដ្ឋអាមេរិកទៅកាន់ប្រទេសម៉ិកស៊ិក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែងការបារម្ភអំពីសន្តិសុខរបស់ពួកគេ។ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum ក៏បានប្រកាសថា ម៉ិកស៊ិកត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតរបស់អ៊ីរ៉ង់ប្រសិនបើចាំបាច់។
ទោះបីជាមានភាពចម្រូងចម្រាសក៏ដោយ ក៏ FIFA កំពុងប្រកាន់ខ្ជាប់ផែនការដែលបានព្រមព្រៀងគ្នា ដោយលោក Infantino ជឿជាក់ថាបាល់ទាត់ត្រូវដើរតួនាទីផ្សះផ្សារយ៉ាងសំខាន់នៅក្នុងពិភពលោកដែលបែកបាក់។
ព្រឹត្តិការណ៍ FIFA World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា រហូតដល់ថ្ងៃទី១៩ ខែកក្កដា ដោយសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ធ្វើជាសហម្ចាស់ផ្ទះ។ តាមកាលវិភាគពូល G អ៊ីរ៉ង់នឹងប្រកួតជាមួយនូវែលសេឡង់ និងបែលហ្ស៊ិក នៅទីក្រុងឡូសអាន់ជឺឡេស (Los Angeles) មុនពេលជួបអេហ្ស៊ីប នៅទីក្រុងស៊ីថល (Seattle)៕
ប្រភព៖ The Guardian
